អាកាសយានដ្ឋាន ណារីតា របស់ជប៉ុនត្រូវបានបង្ខំឱ្យបិទផ្លូវរត់មួយរបស់ខ្លួនប្រហែល ១២ នាទីកាលពីថ្ងៃសុក្រសប្តាហ៍មុន (២៤ កញ្ញា ២០២១) បន្ទាប់ពីអណ្តើកមួយក្បាលត្រូវបានគេប្រទះឃើញកំពុងដើរនៅលើផ្លូវរត់របស់យន្តហោះ។
តាមគេហទំព័រ The Mainichi បានចុះផ្សាយឲ្យដឹងថា ភីឡុតម្នាក់ រៀបនឹងធ្វើការហោះហើរចេញពីផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ ស្រាប់តែបានប្រទះឃើញសត្វអណ្តើក១ក្បាលនៅលើផ្លូវរត់ វេលាម៉ោងប្រហែល១១ និង៥៥ នាទីព្រឹក ហើយបានជូនដំណឹងនេះទៅផ្នែកត្រួតពិនិត្យសម្រាប់វត្តមានរបស់វា។ អាកាសយានដ្ឋានអន្តរជាតិណារីតា ភ្លាមៗនោះ ក៏បានសម្រេចចិត្តបិទផ្លូវរត់រយៈពេល ១២ នាទី ដើម្បីធានាសុវត្ថិភាពក្នុងការហោះហើរ និងធ្វើការត្រួតពិនិត្យ ក៏ដូចនាំអណ្តើកនោះទៅកន្លែងសុវត្ថិភាពផងដែរ។
ការបិទផ្លូវរត់ គឺមានន័យថា ជើងហោះហើរចំនួន ៥ ត្រូវបានពន្យារពេលរហូតដល់ ១៥ នាទី។ លើសពីនេះ បើយោងតាមការិយាល័យអាកាសយានដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍នៃអាកាសយានដ្ឋានណារីតា នោះយន្តហោះទាំង ៥ គ្រឿងនោះ គឺរួមមានយន្តហោះ All Nippon Airways (NAA) ដែលមានរូបអណ្តើកសមុទ្រ ត្រូវបានបោះពុម្ភលើយន្តហោះនេះគួរឲ្យចាប់អារម្មណ៍។
អណ្តើកនេះត្រូវបានកម្មករ នាំយកចេញពីផ្នែកកណ្តាលនៃផ្លូវរត់ដោយប្រើសំណាញ់។ ហើយបើយោងតាមអ្នកគ្រប់គ្រងអាកាសយានដ្ឋានណារីតា អណ្តើកនេះមានប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ ២.១ គីឡូ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

