ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក Scoot Air របស់សិង្ហបុរី នៅល្ងាចថ្ងៃទី ៥ ខែមេសា ម្សិលមិញនេះ ប៉ូលិសសិង្ហបុរីឲ្យដឹងថា ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក Scoot Air ត្រូវបានយន្តហោះប្រយុទ្ធអមដំណើរវិលត្រឡប់មកប្រទេសវិញ ក្រោយពេលអ្នកដំណើរម្នាក់បានគំរាមថា មានគ្រាប់បែក បច្ចុប្បន្នគេពុំទាន់ដឹងមុខសញ្ញាដែលគំរាមបន្ទុះគ្រាប់បែក ក៏ដូចជាគោលបំណងរបស់ជននេះ។
ក្នុងសេចក្តីប្រកាសទៅកាន់ប្រព័ន្ធផ្សព្វផ្សាយតំណាងក្រុមហ៊ុន Scoot Air ឲ្យដឹងថា ជើងហោះហើរដែលមានលេខសម្គាល់ TR634 មានគំរោងនឹងចុះសំចតនៅទីក្រុង Hat Yat (ភាគខាងត្បូងប្រទេសថៃ) ប៉ុន្តែបានបកត្រឡប់មកចុះចតនៅព្រលានយន្តហោះ Changi វេលាម៉ោង ៣និង២៣នាទី (ម៉ោងនៅតំបន់) ។
តាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីឲ្យដឹងថា ជើងហោះហើរនេះបានចេញដំណើរកាលពី2ម៉ោងមុន ក្រោយមកក៏ត្រូវបានយន្តហោះយោធាអមដំណើរត្រឡប់មកវិញ។ ស្ថាប័នមានសមត្ថកិច្ចឲ្យដឹងថា ការធ្វើបែបនេះវាជាបែបបទធម្មតាក្នុងករណីដែលយន្តហោះស៊ីវិលរងការគំរាមបន្ទុះគ្រាប់បែកដូចពោលខាងលើ។ ក្រុមហ៊ុនអាកាសចរណ៍ស្កុតឲ្យដឹងទៀតថា ពួកគេកំពុងសហការជាមួយស្ថាប័នមានសត្ថកិច្ចដើម្បីធានាបណ្តាបែបបទសុវត្ថិភាពដល់អ្នកដំណើរ។ ចំពោះមុខអ្នកដំណើរកំពុងត្រូវបានប៉ូលិសសាកសួរព័ត៌មាន ៕ សូយន