កំពង់ឆ្នាំង ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា វត្តមានស្ថានីយចំណត រថយន្តមិត្តភាពកម្ពុជា-ជប៉ុន ខេត្តកំពង់ឆ្នាំង នឹងជួយពង្រឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធខេត្ត ព្រមទាំងបង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែមដល់ប្រជាជនក្នុងមូលដ្ឋាន។ លើសពីនេះ ស្ថានីយថ្មីក៏នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការបម្រើសេវាកម្មម្ហូបអាហារ ការលក់វត្ថុអនុស្សាវរីយ៍ ឬផលិតផលប្រចាំភូមិ/តំបន់ថែមទៀត។
ការថ្លែងរបស់ លោករដ្ឋមន្ត្រី បានធ្វើនៅក្នុងពិធីប្រគល់-ទទួល និងសម្ពោធស្ថានីយចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ខេត្តកំពង់ឆ្នាំង និងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី១ នៃយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើងក្រោមគណៈអធិបតីភាពរបស់ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិត ផលមួយ និងលោក ហ៊ិដេហិសា ហូរីនូឈិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីគម្រោងពង្រីកជាតិលេខ៥ របស់រាជរដ្ឋាភិបាល ឲ្យក្លាយជាផ្លូវដ៏ធំក្នុងតំបន់អាស៊ាន (ASEAN High Way) សំដៅបម្រើវិស័យទេសចរណ៍ និងសម្រួលពាណិជ្ជកម្ម ហើយស្ថានីយចំណតរថយន្តថ្មីនេះ នឹងអាចឆ្លើយតបតម្រូវការឈប់សំចតរបស់អ្នកដំណើរគ្រប់ជាតិសាសន៍ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូន និងការចែកចាយទំនិញ ទៅកាន់ច្រករបៀងសេដ្ឋកិច្ចខាងត្បូង និងច្រករបៀងខាងកើត-លិច ផងដែរ។
ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ចូលរួមថែរក្សាសម្ភារៈបរិក្ខារ និងបរិស្ថាននៅក្នុងស្ថានីយឲ្យបានល្អ និងបានសំណូមពរដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ជួយសហការគ្រប់គ្រងសន្តិសុខ និងថែរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីថ្លែងអំណរគុណ និងផ្តល់កម្លាំងចិត្តដល់ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងច្រើននៅកម្ពុជា តួយ៉ាងដូចជាចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ដែលបានដាក់សម្ពោធថ្ងៃនេះ ព្រមទាំងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលបានសហការ និងគាំទ្រការអនុវត្តគម្រោងកសាងស្ថានីយរថយន្តនេះ តាំងពីដើមរហូតដល់ចប់ជាស្ថាពរ។
សូមជម្រាបថា ស្ថានីយចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ខេត្តកំពង់ឆ្នាំងនេះ គឺជាសមិទ្ធផល ទី២ ដែលត្រូវបានសាងសង់តាមលក្ខណៈស្តង់ដារអន្តរជាតិ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមានការចូលរួមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។ មូលធិនិ JAIF ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ដើម្បីជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសតំបន់ទន្លេមេគង្គ។
ដោយឡែកចំពោះយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នឹងចាប់ផ្តើមពីខេត្តកំពង់ឆ្នាំង បន្តទៅកាន់ខេត្តបន្ទាយមានជ័យ ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ដើម្បីទាក់ទាញប្រជាពលរដ្ឋខ្មែរ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញក្នុងស្រុកកាន់តែច្រើន សំដៅកាត់បន្ថយការនាំចូលទំនិញពីបរទេស។ សម្រាប់ពិព័រណ៍ខេត្តកំពង់ឆ្នាំង ក៏ចូលរួមពីផលិតករ អាជីវករ សមាគម អង្គការនានា និងក្រុមហ៊ុនចំនួន ៦៩ ដែលមានស្តង់សរុប ៧៧ស្តង់ មានដាក់លក់ផលិតផលកសិ-ពាណិជ្ជកម្ម សិប្បកម្ម គ្រឿងសំណង់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងភេសជ្ជៈ ផលិតផលសុខភាព និងសម្រស់ សេវាទេសចរណ៍ និងអប់រំ៕ ដោយ ៖ បញ្ញាស័ក្តិ