ជឿជាក់ថា ប្រិយមិត្តជាច្រើន ជាពិសេសអ្នករស់នៅស្រុកស្រែជនបទ បានស្គាល់ហើយ រុក្ខជាតិមានបន្លែរាងតាប៉ាកៗ ដែលមានឈ្មោះថា «ដំបងយក្ស»។ ជាការពិតណាស់ ដំបងយក្ស ផ្លែរបស់វាពេលទំ គឺអាចបេះយកមកកោសបន្លែល្អិតៗចេញហូបបាន និងមានរសជាតិផ្អែមឆ្ងាញ់ផងដែរ ជាពិសេស គឺពេញនិយមសម្រាប់ក្មេងៗទៅឃ្វាលគោក្របីតែម្តង។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺថា ថ្មីៗនេះ នៅលើបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈឃើញអ្នកលេងហ្វេសប៊ុកជាច្រើន ក្នុងនោះមានទាំងតារាចម្រៀង ទេព បូព្រឹក្ស ជាដើម បានបង្ហាញពីការយកសាច់ដំបងយក្ស (កោសស្បែកចេញ) មកជ្រលក់អំបិលម្ទេសញ៉ាំលេង ដែលមើលហាក់ដូចជាឆ្ងាញ់ខ្លាំងណាស់អុីចឹង។
ពិតណាស់ ដូចការគិតមិនខុសមែន បន្ទាប់ពីបានឃើញគេនាំគ្នាទិញដំបងយក្ស ញ៉ាំបែបនេះ ស្រាប់តែតារាកំប្លែងស្រីអ្នកនាង ខ្ញុង ដែលក៏បានទិញញ៉ាំតាមគេឯងដែរ ហើយពេលសាកញ៉ាំរួចគឺគ្មានឆ្ងាញ់ស្អីផង តែបែរក្រពុលចង់ក្អួតទៅវិញ ក៏បានបង្ហោះសារទាំងខឹងបែបនេះថា៖ «ជោរតាមគ្នា ដំបងយក្សឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់ ឯងក្អួតចង់ស្លាប់ ធ្វើការហត់មិនឈឺ មកឈឺដោយសារស៊ីដំបងយក្ស គួរឲ្យខឹងណាស់ អ្នកណាថាឆ្ងាញ់ចេញមុខមក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











