ជាការពិតណាស់ ដើម្បីសុវត្ថិភាពសុខភាព នោះការជ្រើសយកចំណីអាហារ យកមកបរិភោគ គឺជារឿងចាំបាច់ សម្រាប់ខ្លួនឯងផ្ទាល់ និងក៏ដូចក្រុមគ្រួសារទាំងមូល ព្រោះថា បើយើងពុំបានដឹងច្បាស់ពីប្រភពរបស់វា ហើយសម្រេចយកមកធ្វើម្ហូបដោយពុំបានលាងសម្អាតឲ្យបានស្អាតល្អទេ នោះវានឹងអាចបណ្តាលឲ្យអ្នកទទួលទាន ប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ និងក៏ដូចបង្កឲ្យមានអាការពុលភ្លាមៗតែម្តង។
ជាក់ស្តែង ថ្មីៗនេះ មានករណីដ៏មិននឹកស្មានដល់ បានកើតឡើងទៀតហើយ ខណៈដែលបានដឹងថា ក្នុងរយៈពេល ២ ថ្ងៃ មកនេះ គឺមានអ្នកនៅម្តុំផ្សារសំណង់១២ ចំនួន ៣ គ្រួសារ បានពុលផ្លែក្រសាំង ជិត ១០ នាក់ឯណោះ។
នេះបើតាមគ្រូពេទ្យម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ វេជ្ជ ហ៊ាង រតនា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អំពីករណីនេះឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនេះ អ្នកនៅម្តុំផ្សារសំណង់១២ មានអ្នកអ្នកពុលក្រសាំង ៣ គ្រួសារ សរុបជិត ១០ នាក់ ដែលបានមកសម្រាកព្យាបាលនៅកន្លែងរបស់គាត់។ ហើយក្នុងចំណោមនោះ ឃើញថា អ្នកពុលមានអាការធ្វើទុក្ខខ្លាំងដូចជា ចុកពោះខ្លាំង រមួលប្រកាច់ប្រកិន និងមានអ្នកសន្លប់។
ហេតុដូចនេះ លោកគ្រូពេទ្យខាងលើ ក៏សូមឲ្យបងប្អូនស្រ្តីៗឡើងផ្សារទិញម្ហូបអាហារនៅផ្សារសំណង់១២ ប្រយ័ត្នចំពោះផ្លែក្រសាំងផង។ ហើយបើតាមការសង្កេតរបស់លោក នោះអាហារដែលពុលញឹកញាប់ជាងគេ គឺមានដូចជា៖ ក្រសាំង នំបញ្ចុក ក្តាម អាហារផ្អាប់ និងសុរា ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


