កែប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង។

ការថ្លែងបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះក៏មានការចូលរួមពីសំណាក់ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត ដែលធ្វើឡើងដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូខន់ហ្វេរិនផង។
នាឱកាសនោះ ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្របធានលេខាធិការ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ក្នុងការសិក្សារៀបចំផែនការមេនេះ ក្រុមការងារអន្តរក្រសួងក៏បានសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងទេសចរណ៍របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម។

ឯកឧត្ដមបានបន្តថា ក្នុងបរិបទវិបត្តិកូវីដ-១៩នេះ កម្ពុជាមិនអាចយកគោលដៅតែមួយទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ ពោលគឺចាំបាច់ទាមទារឱ្យមានការរៀបចំគោលដៅជិតៗគ្នាជាគោលដៅរួមតែមួយ តួយ៉ាងដូចជាតំបន់ឆ្នេរសមុទ្រដែលមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះជាដើម។
ត្រង់ចំណុចនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់ដែរថា «ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង»។
ឯកឧត្ដមរដ្ឋមន្ត្រីបានទទួលយកសំណើពីអង្គប្រជុំ លើការសហការជាមួយរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរទាំងនោះ ដើម្បីរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ សម្រាប់ខេត្តនីមួយបន្ថែមទៀត។

ឯកឧត្ដម នី ផល្លី បានបន្តថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ យុទ្ធសាស្ត្រទីផ្សារផ្សព្វផ្សាយទេសចរណ៍ខេត្តកែប មានការផ្សព្វផ្សាយអំពីកិត្តិនាមទេសចរណ៍សុវត្ថិភាព សុខភាព និងមានម្ហូបអាហារឆ្ងាញ់ «បើនឹកឃើញខេត្តកែប គឺមានកិត្តិនាមគោលដៅទេសចរណ៍សុវត្ថិភាព មានអាហារសមុទ្រឆ្ងាញ់ៗ ផ្ដល់សុខភាពល្អ» ជាដើម។
ត្រង់ចំណុចនេះទៀតសោត ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រ ហើយបានបន្តថា តាមរយៈសេចក្ដីព្រាងផែនការមេនេះ គឺនឹងប្រែក្លាយទៅគោលដៅទេសចរណ៍ផ្ទះទី២ ទេសចរណ៍វ័យចំណាស់។ លោកថា ប្រជាជនបារាំង ជប៉ុន ចិន ដែលសម្បូរទៅដល់កំណើនមនុស្សចាស់ច្រើននោះ ក៏បានស្វែងរកគោលដៅទេសចរណ៍សុខមាលភាពផងដែរ ដូច្នេះខេត្តកែបត្រូវមានយុទ្ធសាស្ត្រទាក់ទាញទេសចរទាំងនេះ។
ជាមួយគ្នានោះ ឯកឧត្ដម នី ផល្លី ក៏បានបង្ហាញគម្រោងការទាក់ទាញផលិតកម្មភាពយន្ត ក្រុមផលិតករល្បីៗមកចូលរួមថតភាពយន្ត ថតវីដេអូកម្សាន្ត ថត Pre-Wedding ជាដើម។ លោកថា បើទាញបានផលិតកម្មល្បីមួយ គឺជាជោគជ័យមួយក្នុងការផ្សព្វផ្សព្វ។

នៅក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបនេះដែរ គឺមានមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ចំនួន ៤ ក្នុងនោះរួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ ប៉ូលតំបន់ប្រជុំកោះ ថែមទាំងនឹងបង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀត។
សេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ ត្រូវបានបែងចែកជា ១២ ជំពូក។ អង្គប្រជុំបានពិភាក្សា និងបានទទួលមតិយោបល់ពីឯកឧត្ដមរដ្ឋមន្ត្រី ឯកឧត្ដមអភិបាល ព្រមទាំងឯកឧត្ដមថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នផ្សេងទៀត ក្នុងការកែតម្រូវតម្រែតម្រង់បន្ថែមបន្ថយខ្លឹមសារក្នុងសេចក្ដីព្រាងច្បាប់នេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលបានកំណត់គោលដៅ យុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ខេត្តកែប ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង នៅក្នុងតំបន់ និងពិភពលោក៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ




