ភ្នំពេញ ៖ កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារដែលដឹកនាំដោយ លោក Hu Jian សហប្រធានចិន និងលោកជំទាវ ទេវីយ៉ានី ឧត្តម ខូប្រាហ្គាដេ សហប្រធានឥណ្ឌា , លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំដែរនោះ បានឲ្យដឹងថា សំណើសុំដាក់ប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ បច្ចុប្បន្នយើងឈានដល់ការទទួលអ្នកជំនាញការ ICOMOS មកពិនិត្យមើលទីតាំងជាក់ស្តែងរបស់ប្រាសាទកោះកេរ។
កិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃ អាយស៊ីស៊ី-ព្រះវិហារ នេះ ធ្វើឡើងតាមរយៈប្រព័ន្ធ Video Conference ស្ដីពី ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ហើយអង្គប្រជុំនេះ បានពិភាក្សាបន្តលើសំណើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំឯកសារ ស្នើដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីដើមឆ្នាំ២០២១ កន្លងមក។
កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិ ដោយផ្ទាល់ចំនួន ៣០នាក់ និងតាមរយៈ Video conference ចំនួន ៤៧នាក់ សរុបចំនួន៧៧នាក់។ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញស្ដីពីរបាយការណ៍វឌ្ឍនភាព នៃការវាយតម្លៃហានិភ័យនៃប្រាសាទព្រះវិហារ របាយការណ៍ស្ដីពីសកម្មភាពអភិវឌ្ឍន៍សហគមន៍ នៅតំបន់ប្រាសាទព្រះវិហារ របាយការណ៍វឌ្ឍនភាពស្ដីពីការបង្កើតគេហទំព័រអាជ្ញាធរជាតិព្រះវិហារ ការរៀបចំឯកសារ និងការស្នើសុំអភិរក្សប្រាសាទចំនួន ៦ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ របាយការណ៍ស្ដីពីការដួលរលំនៃជញ្ជាំងខាងជើងស្ពានហាលខាងកើតផ្លូវចូលប្រាសាទធំ និងការស្នើសុំអន្តរាគមន៍បន្ទាន់ សំណើរៀបចំសៀគ្វីថ្មីពីប្រាសាទប្រាង្គ ទៅភូមិកោះកេរ និងផ្លូវតភ្ជាប់ពីផ្លូវធំទៅប្រាសាទគោកគ្រង និងស្លាកសញ្ញាទេសចរណ៍ របាយការណ៍វឌ្ឍនភាពស្ដីពីការកំណត់ព្រំ នៅតំបន់បុរាណវិទ្យាប្រាសាទកោះកេរ និងលទ្ធផលនៃការសិក្សាលើការប្រើប្រាស់ដី ការគ្រប់គ្រងសំណង់ និងប្រជាសាស្ត្រនៅតំបន់ប្រាសាទកោះកេរ។
គួរបញ្ជាក់ថា អ្នកជំនាញការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការងាររួមគ្នាជាមួយអ្នកជំនាញអាជ្ញាធរជាតិអប្សរា អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ និងជាមួយអ្នកជំនាញការអន្តរជាតិមួយចំនួនទៀត អស់រយៈពេល៤ឆ្នាំមកហើយ ដើម្បីចងក្រងឯកសារគោលសំខាន់ៗ ចំនួន៣ សម្រាប់ស្នើទៅអង្គការយូណេស្ដូ ដាក់រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, ហើយឆ្លងកាត់កិច្ចប្រជុំពិភាក្សាកន្លងមក ដំណើរនៃការសុំដាក់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ឃើញថា មានភាពរលូន។
ប្រាសាទកោះកេរ គឺជាអតីតរាជធានី នៃអាណាចក្រ ខ្មែរ ដែលមានអាយុកាលជាង ១០០០ពាន់ឆ្នាំមកហើយ មានទីតាំងស្ថិតក្នុង ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ អច្ឆរិយៈនៃស្ថាបត្យកម្មដ៍គួរ ឲ្យស្ញប់ស្ញែងនេះ ត្រូវបានសាងសង់ឡើងពីថ្មភក់ មានសណ្ឋាន ៧ថ្នាក់ និងមានកម្ពស់ ៣៥ម៉ែត្រ មានរាងជាសាជីដូចពីរ៉ាមីត នៅអេហ្ស៊ីប, បានទាក់ទាញអ្នកទេសចរ ឱ្យនិយម មកទស្សនា យ៉ាងច្រើនផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN