Thursday, May 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកម្មកររោងចក្របុកគ្នា ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ស្លាប់ ១នាក់ និងរងរបួស ៤២នាក់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ២០នាទីព្រឹក ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមាន ជនរងគ្រោះសរុបចំនួន ៤២នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤២នាក់ (ស្រី ៣៦នាក់) ដោយរបួសធ្ងន់ចំនួន ៥នាក់ (ស្រី ៥នាក់) របួសស្រាលចំនួន ៣៦នាក់ (ស្រី ៣០នាក់) និងជនរងគ្រោះជាស្ត្រី បានស្លាប់ចំនួន ១នាក់។ កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។ គិតត្រឹមវេលាម៉ោង ១០ និង ០០ នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកឧដុង្គ។ ដោយឡែកសពជនរងគ្រោះចំនួន ១នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រឡាញ់ ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ចាប់បាន ជាសះស្បើយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×