ភ្នំពេញ៖ទិវាចងចាំត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពតដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ សម្រាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះនឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ឧសភា២០២៥ខាងមុខនេះ ដោយត្រូវរៀបចំជាស្តង់ដាថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយត្រៀមរៀបចំទិវាជាតិនៃការចងចាំក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ របបប្រល័យពូជសាសន៍ប៉ុល ពតបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសរីកចម្រើន ជឿនលឿនទៅជាប្រទេសគ្មានអ្វីទាំងអស់។ យើងតែងប្រារព្វទិវាចងចាំនេះជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស គឺដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។
ឯកឧត្តម ឃួង ស្រេងបានបន្តថា៖ ទិវាចងចាំឆ្នាំនេះយើងត្រូវរៀបចំឡើង ក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូពីការផ្សាយផ្ទាល់ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារក៏ត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយ ជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះថ្នាក់ជាតិចូលរួមជាអធិបតី មិនដូចរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំនោះទេ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញទទួលខុសត្រូវក្នុងការរក្សាសន្តិសុខនិងការរៀបចំប្រជាពលរដ្ឋមន្ត្រីរាជការចូលរួម។ ចំពោះខ្លឹមសារនៃការរៀបចំយ៉ាងណានោះ គឺថ្នាក់ជាតិជាអ្នករៀបចំ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹងក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេចក្នុងការចូលក្នុងការប្រារព្វទិវាចងចាំ២០ឧសភានេះ។ យើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយរដ្ឋបាលរាជធានីជាអ្នកចូលរួមដោយគិតពីចំណតរថយន្តផងដែរ ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ការប្រារព្ធពិធីឆ្នាំនេះ ត្រូវធ្វើឡើងជាថ្នាក់ជាតិដូច្នេះមន្ទីរព័ត៌មាន ក៏ដូចជាមន្ទីរសាធារណការ ,មន្ទីរធម្មការនិងសាសនានិង មន្ទីរវប្បធម៌ជាដើមត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារដែលត្រូវអនុវត្ត។ចំពោះខណ្ឌទាំង១៤ ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឲ្យបានល្អប្រសើរ។ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សំអាតទីធ្លីឲ្យបានស្អាតដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ។
ទិវាជាតិនៃការចងចាំ ២០ឧសភា ជាកម្មវិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
ទិវាជាតិនៃការចងចាំ២០ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















