Thursday, May 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងពិតនៅពីក្រោយនៃការបង្កើតឱ្យមានបញ្ហាជម្លោះដីធ្លីឡើងនៅ ភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត គឺបណ្តាលមកពីមនុស្សលោភលន់ពីរបីនាក់ប៉ុណ្ណោះ

ដូចដែលសាធារណជនបានដឹងមកហើយ រយៈពេល១០ឆ្នាំមកនេះ ករណីជម្លោះដីធ្លីមួយស្ថិតនៅ ភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបន្តអូសបន្លាយរហូតដល់ពេលនេះ ដោយសារតែមានមនុស្សលោភលន់មិនខ្លាចសំណាញ់ច្បាប់ពីរបីនាក់ប៉ុណ្ណោះបានបង្កើតបញ្ហាចាក់ស្រេះឡើងជាបន្តបន្ទាប់ និងបានធ្វើឱ្យម្ចាស់ដីស្របច្បាប់រងនូវការខាត់បង់ជាច្រើនទាំងប្រាក់កាស និងពេលវេលាមិនតិចឆ្នាំ។

រយៈពេលប៉ុន្មានឆ្នាំមកនេះក្រុមបង្កបញ្ហា បានព្យាយាមបង្កើតសាច់រឿងបំភ្លៃជាច្រើនក្នុងចេតនាធ្វើឱ្យសាធារណជន ក៏ដូចជាថ្នាក់ដឹកនាំមានការយល់ច្រលំទៅលើហេតុភេទដែលកំពុងកើតឡើងនាពេលនេះ។ ហើយបញ្ហាចោទនៅត្រង់ថា ក្រុមទុច្ចរិតទាំងនោះនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ និងផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យអ្នកដែលមិនបានដឹងសាច់រឿងច្បាស់លាស់ទៅជាមើលឃើញជនរងគ្រោះជាជនល្មើស និងមើលឃើញជនល្មើសជាជនរងគ្រោះទៅវិញ ក្នុងនោះក៏មានអង្គភាពសារព័ត៌មានមួយចំនួនតូចដែលមិនបានធ្វើការសិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើដំណើររឿងនៃវិវាទដីធ្លីនេះបាន និងកំពុងក្លាយជាឧបករណ៏ជួយដល់ជនកំហូចក្នុងការបំប៉ោងព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយឱ្យកាន់តែរីកធំជាងមុន។

ក្រុមជនបង្កហេតុ តែងតែធ្វើសកម្មភាពដដែលៗមួយចំនួនមកលើម្ចាស់ដីស្របច្បាប់ដោយពួកគេគិតថា នឹងអាចទាមទាចំណែកណាមួយនៃផ្ទៃដីដែលពួកគេកំពុងបង្កើតបញ្ហា ឬក៏ទាមទាសាច់ប្រាក់ក្នុងលក្ខ័ណ្ឌណាមួយពីម្ចាស់ដីស្របច្បាប់ ទាំងដែលពួកគេមិនបានគិតសោះឡើយថាទង្វើទាំងើនេះជារឿងខុសច្បាប់។
កន្លងមកពួកគេបានព្យាយាមញុះញង់ប្រជាពលរដ្ឋដែលបានលក់ដីរួចទៅហើយ និងត្រូវបានអនុញ្ញាតឱ្យរស់នៅបណ្តោះអាសន្ន ឬអ្នកខ្លះទៀតមកពីតំបន់ផ្សេងគ្រាន់តែម្ចាស់ដីជួលឱ្យជួយមើលដីជាថ្នូរនឹងការជូនថ្លៃឈ្នួលពេលចប់ភារកិច្ច ឱ្យធ្វើការតវ៉ាជាមួយម្ចាស់ដី ដោយបង្គាប់ឱ្យប្រជាពលរដ្ឋប្រឌិតរឿងថាខ្លួនជាម្ចាស់ដីស្របច្បាប់ដែលរស់នៅទីនោះតាំងពីយូរមកហើយ។ ហើយស្របពេលជាមួយគ្នា ពួកគេបានព្រួតគ្នាផ្សព្វផ្សាយព័ត៌មានថា ឈ្មោះ ម៉ែន ណារ៉ុង ដែលជាម្ចាស់ដីស្របច្បាប់ បានរំលោភដីប្រជាពលរដ្ឋ និងបានទិញដីប្រជាពលរដ្ឋមិនឱ្យលុយជាដើម។ ជាក់ស្តែងអ្នកនៅពីក្រោយប្រជាពលរដ្ឋ និងមេខ្យល់ម្នាក់ពីរនាក់បានញុះញង់ប្រជាពលរដ្ឋឱ្យចេញតវ៉ា និងបានហៅអង្គភាពសារព័ត៌មាន KH Plus News ដែលមានឈ្មោះ ហ៊ន ជាអ្នកធ្វើអត្ថាធិប្បាយផ្ទាល់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ដោយបានចោទប្រកាន់ម្ចាស់ដីស្របច្បាប់ឈ្មោះ ម៉ែន ណារ៉ុង ថា បានមករំលោភដីប្រជាពរដ្ឋ និងទិញដីប្រជាពលរដ្ឋមិនបានបង់លុយគ្រប់ចំនួន។ មិនតែប៉ុណ្ណោះ ទាំងមេខ្យល់ និងអ្នកសារព័ត៌មានថែមទាំងបាននិយាយបណ្តេញកូនចៅម្ចាស់ដីដែលនៅចាំដីក្បែរតំបន់ជម្លោះឱ្យចេញភ្លាមៗទាំងដែលដីនោះមិនស្ថិតក្នុងកម្មវិត្ថុជម្លោះផងទេ។ ទង្វើទាំងអស់នេះត្រូវបានម្ចាស់ដីគឺ លោក ម៉ែន ណារ៉ុង លើកឡើងថា មេខ្យល់ និងអ្នកនៅពីក្រោយពិតជាមនុស្សលោភលន់ហួសនិស្ស័យមែន! ដើម្បីប្រយោជន៍សួនតួរបស់ខ្លួន ដឹងថា រឿងនេះវាខុសច្បាប់ហើយនៅតែហ៊ានប្រព្រឹត្តទៀត។

ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានរបស់អង្គភាព CEN ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ម៉ែន ណារ៉ុង ដែលបានអះអាងថា លោកជាម្ចាស់ដីពិតប្រាកដនោះ បានរៀបរាប់ពីដំណើររឿងយ៉ាងពិស្តារអមទៅដោយការបង្ហាញឯកសារផ្សេងៗដើម្បីគាំទ្រការលើកឡើងរបស់ខ្លូន។ លោក ម៉ែន ណារ៉ុង បានបញ្ជាក់ថា នៅចន្លោះឆ្នាំ២០០៧-២០០៨ លោកពិតជា បានមកទិញដីនៅទីតាំងជម្លោះខាងលើ គឺស្ថិតនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ពីប្រជាពលរដ្ឋម្ចាស់ដើម និងបានបង់ប្រាក់គ្រប់ចំនួនទាំងអស់ ចំនុចនេះអាជ្ញាមូលដ្ឋានក៏បានទទួលស្គាល់ និងដឹងរឿងនេះច្បាស់ដែរ ព្រមជាមួយនឹងការធ្វើឯកសារទិញលក់ច្បាស់លាស់ និងត្រឹមត្រូវ។ លោកបន្តថា ក្រោយមកដោយសារតែហេតុផលផ្ទាល់ខ្លួនលោក ក៏មិនបានចេញចូល និងមិនបានមកមើលដីដែលបានទិញរួចហើយនោះមួយរយៈ ហើយលោកបានគិតឃើញថា ដោយសារតែមិនបានចេញចូលមកមើលដីមួយរយៈ ខ្លាចមានជនឆ្លៀតឱកាសរំលោភយកដីលោកក្រោមរូបភាពផ្សេងៗ លោក ម៉ែន ណារ៉ុង ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលលោកគិតថាអាចទុកចិត្តបាន មកនៅលើដីនោះ និងធ្វើការអាស្រ័យផលបណ្តោះអាសន្ន រួមទាំងការផ្តល់ថវិកាជូនប្រជាពលរដ្ឋនៅពេលចប់កិច្ចការចុះបញ្ជីដីមកឈ្មោះលោករួចរាល់ ដោយលោកយល់ថា ប្រជាពលរដ្ឋនៅលើដីនោះគឺជួយមើល និងការពារដីលោកពីការរំលោភបំពានពីអ្នកដទៃ។

ប៉ុន្តែជាអកុសល ក្នុងចំណោមប្រជាពលរដ្ឋទាំង១៤គ្រួសារ មានមនុស្ស២នាក់មានគំនិតខូច ដោយដឹងថា លោក ម៉ែន ណារ៉ុង ជាប់ដៃដោះស្រាយបញ្ហាផ្ទាល់ខ្លួនមិនទាន់មានពេលគ្រប់គ្រាន់ធ្វើការស្នើសុំចុះបញ្ជីដីខាងលើ និងដោយសារភាពលោភលន់ផងនោះ មនុស្ស២នាក់ក្នុងចំណោម១៤គ្រួសារបានបង្កបញ្ហាផ្សេងៗជាបន្តបន្ទាប់ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់ទៀតដំបូងឡើយនៅមានភាពស្មោះត្រង់មិនបានបង្កបញ្ហាអ្វីឡើយ។ តែទោះជាយ៉ាងណា ពី១ថ្ងៃទៅ១ថ្ងៃ២នាក់មេខ្យល់ខាងលើ ដល់តែនៅលើដីនោះយូរៗទៅក៏បានបំភ្លៃថាខ្លួនជាម្ចាស់ដី ថែមទាំងអូសទាញអ្នកផ្សេងទៀតឱ្យគាំទ្រខ្លួន ក្នុងនោះមានអ្នកខ្លះដោយសារមើលឃើញផលប្រយោជន៍នៅនឹងមុខផ្ទាល់ហើយនោះ ក៏លួចគាំទ្រទាំងស្ទាក់ស្ទើព្រោះពួកគេដឹងច្បាស់ហើយថាខ្លួនគេជាអ្នកដែលត្រូវលោក ម៉ែន ណារ៉ុង អនុញ្ញាតឱ្យនៅលើដីនោះដើម្បីជួយការពារដីនោះប៉ុណ្ណោះ វាមិនមែនដីរបស់ខ្លួននោះទេ។

លោក ម៉ែន ណារ៉ុង បានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋដែលលោកអនុញ្ញាតឱ្យនៅលើនោះ ភាគច្រើនជាអ្នកមកពីក្រៅ មិនជាប់ពាក់ព័ន្ធនឹងទាយាទម្ចាស់ដីដើមទេ មានតិចតួចប៉ុណ្ណោះជាប់ទាយាទម្ចាស់ដីដើម។ ហើយអាជ្ញាមូលដ្ឋានដឹងច្បាស់រឿងនេះ ព្រោះអាជ្ញាធរអ្នកគ្រប់គ្រងប្រជាជនមូលដ្ឋានរបស់គាត់ផ្ទាល់។ លោក ម៉ែន ណារ៉ុង ចោទជាសំនួរថា បើភាគច្រើននៃអ្នករស់នៅលើដីដែលគាត់បានទិញនៅទីតាំងខាងលើជាអ្នកមកពីតំបន់ផ្សេងនោះ តើការអះអាងរបស់គ្រួសារខ្លះថា ជាដីរបស់គាត់តើសមហេតុផលទេ? តើផ្លូវច្បាប់ទៅរួចទេ? ។

ងាកមកមេខ្យល់២នាក់វិញម្តង ម្នាក់ឈ្មោះ នាក់ ឡៃ មិនមានដីផ្ទាល់ខ្លួនទេ ដីឳពុកម្តាយរបស់ខ្លួនបានលក់ឱ្យលោក ម៉ែន ណារ៉ុង បានទូទាត់ប្រាក់រួចរាល់ហើយដែរ តែដោយសារការអាណិតលោក ម៉ែន ណារ៉ុង បានជូនប្រាក់ជាលើកទី២តាមរយៈអ្នកសម្របសម្រួលទិញដីដែលជាក្រុមតែមួយរបស់ឈ្មោះ នាក់ ឡៃ។ និងអ្នកទី២ឈ្មោះ កែវ វ៉ាន់ដា ម្នាក់នេះ ជាអ្នកជួយសម្របសម្រួលទិញដីឱ្យលោក ម៉ែន ណារ៉ុង។ ឈ្មោះ កែវ វ៉ាន់ដា សហការគ្នាជាមួយឈ្មោះ យ៉យ សារេត បានទទួលប្រាក់ពីលោក ម៉ែន ណារ៉ុង ចំនួន៥០ម៉ឺនដុល្លារអាមេរិកដើម្បីទិញដី និងឱ្យថ្លៃដី ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានដីជូនលោក ម៉ែន ណារ៉ុង ទេ ហើយថែមទាំងជាមេខ្យល់សហការជាមួយឈ្មោះ នាក់ ឡៃ បង្កបញ្ហាជារឿយៗកន្លងមក ព្រមជាមួយនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតថា លោក ម៉ែន ណារ៉ុង ទិញដីមិនបានបង់លុយគ្រប់ឱ្យខ្លួនធ្វើឱ្យអ្នកខ្លះមិនដឹងរឿងបែរជាយល់ថា លោក ម៉ែន ណារ៉ុង ទិញដីប្រជាពលរដ្ឋមិនឱ្យលុយដែលនេះវាខុសទៅនឹងសាច់រឿងពិតជាក់ស្តែងទាំងស្រុង។

ក្រៅពីមេខ្យល់២នាក់ខាងលើ មានម្នាក់ទៀត ឈ្មោះ តុល ចំរើន ក៏ជាមនុស្សដែលលោភលន់ ក្រឡិចក្រឡុច និងមិនញញើតច្បាប់ហ៊ានធ្វើរឿងទុច្ចរិតជាច្រើនរាប់ចាប់ពីការខ្លែងឯកសារ ការបំពានកិច្ចសន្យា និងការគប់គិតជាមួយអ្នកដទៃមកធ្វើបាបអ្នកដែលបានផ្តល់ឱកាសឱ្យខ្លួនទៅវិញ។ លោក ម៉ែន ណារ៉ុង បានបញ្ជាក់ថា ដំបូងឡើយលោកមិនបានស្គាល់ ឈ្មោះ តុល ចំរើន ដោយផ្ទាល់នោះទេ គឺឈ្មោះ តុល ចំរើន នេះត្រូវបានមិត្តភក្តិម្នាក់ឈ្មោះ អ៊ិម រតនា នែនាំឱ្យស្គាល់ ហើយលោក ម៉ែន ណារ៉ុង ក៏បានផ្តល់ឱកាសឱ្យឈ្មោះ តុល ចំរើនជួយធ្វើកិច្ចការសម្របសម្រួលដោះស្រាយការងារវិវាទ និងការងារដីធ្លីមួយចំនួនជាមួយឈ្មោះ អ៊ិម រតនា ជាថ្នូរនឹងការផ្តល់ប្រយោជន៍ត្រឡប់ទៅវិញ។ ប៉ុន្តែឈ្មោះ តុល ចំរើន មិនត្រឹមតែមិនអាចធ្វើការបានដោយរលូននោះទេ ថែមទាំងមានគំនិតក្បត់ម្ចាស់ឯងទៅវិញ។
បន្ទាប់ពីទទួលបានការប្រគល់សិទ្ធិឱ្យសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីពីលោក ម៉ែន ណារ៉ុង រួចមក បុគ្គលនេះមិនបានធ្វើកិច្ចការទាំងនេះទេ ហើយបែរលួចចុះបញ្ជីដីដាក់ឈ្មោះខ្លួនឯង និងលួចយកទៅលក់ និងដាក់បញ្ចាំយកប្រាក់ផ្ទាល់ខ្លួនដោយបានធ្វើការលាក់បាំងលោក ម៉ែន ណារ៉ុង ។ ដោយបានដឹងថា ឈ្មោះ តុល ចំរើន ប្រព្រឹត្តអំពើក្បត់ រកវិធីផ្សេងៗដើម្បីរំលោភយកដីរបស់លោកនោះ លោក ម៉ែន ណារ៉ុង ក៏បានបញ្ចប់កិច្ចសន្យាគ្រប់យ៉ាងមិនឱ្យឈ្មោះ តុល ចំរើន មកពាក់ព័ន្ធនឹងការងារដីធ្លីរបស់គាត់តទៅទៀតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣ ។ ឈ្មោះ អ៊ិម រតនា ដែលជាអ្នកនែនាំ ឈ្មោះ តុល ចំរើន ឱ្យមកធ្វើការជាមួយ លោក ម៉ែន ណារ៉ុង ក៏បានយល់ព្រមដកខ្លួនចេញ និងបានផ្តិតមេដៃបញ្ចប់កិច្ចសន្យាជាមួយលោក ម៉ែន ណារ៉ុង នៅឡើយតែឈ្មោះ តុល ចំរើន ជាអ្នកដទៃសុទ្ធសាធ គ្មានជាប់សាច់ញាតិអ្វីនឹងលោក ម៉ែន ណារ៉ុង ជាមនុស្សដែលត្រូវបានមិត្តភក្តិលោក ម៉ែន ណារ៉ុង ឈ្មោះ អ៊ិម រតនា នាំមកឱ្យស្គាល់សោះ បែរជាជជេសមិនព្រមបញ្ចប់ ហើយលួចបំពាបំពានធ្វើសកម្មភាពខុសច្បាប់ជាច្រើនរំលោភយកដីលោក ម៉ែន ណារ៉ុង។

ធ្វើសកម្មភាពល្មើសច្បាប់ជាច្រើននៅខេត្តកំពតមិនអស់ចិត្ត ឈ្មោះ តុល ចំរើន បានបន្តខ្លែងឯកសារទៅរំលោភយកដីលោក ម៉ែន ណារ៉ុង នៅស្រុកស្រែអំបិលខេត្តកោះកុងទំហំជាង១៨០ហិកតាបន្ថែមទៀត ដោយមិនខ្លាចច្បាប់អ្វីទាំងអស់។ តាមការឱ្យដឹងពីប្រជាពលរដ្ឋម្នាក់ដែលដឹងសាច់រឿងនៃទង្វើខុសច្បាប់របស់ឈ្មោះ តុល ចំរើន បានលើកឡើងដោយស្នើសុំមិនបញ្ចេញឈ្មោះថា ទំនងជាលោក តុល ចំរើន អាងអ្នកធំម្នាក់នៅពីខាងក្រោយ ហើយខ្លួនគិតថា អ្នកធំនោះអាចជួយការពារ លោក តុល ចំរើនឱ្យគេចពីសំណាញ់ច្បាប់បាន បានជាលោក តុល ចំរើនហ៊ានធ្វើសកម្មភាពល្មើសច្បាប់យ៉ាងគឃ្លើនដូច្នេះ។
ងាកមកមើលដើមចមនៃបញ្ហាដែលបានកើតឡើងមកលើម្ចាស់ដីវិញម្តងថា តើហេតុអ្វីបានជាកើតមានបញ្ហាដូច្នេះ? ហេតុអ្វីបានជាមនុស្សដែលលោក ម៉ែន ណារ៉ុង បានស្រោចស្រង់ និងផ្តល់ឱកាសឱ្យបែរជាប្រព្រឹត្តអំពើក្បត់គាត់ដោយមិនញញើតនឹងច្បាប់ទាល់តែសោះ?។
ឆ្លើយតបនឹងចម្ងល់ទាំងនេះ អ្នកដែលស្និទ្ធនឹងលោក ម៉ែន ណារ៉ុង និងជាអ្នកដែលបានដឹងរឿងរ៉ាវយ៉ាងលម្អិត បានពន្យល់ថា ដោយសារតែលោក ម៉ែន ណារ៉ុង មានបញ្ហាផ្ទាល់ខ្លួនដែលត្រូវដោះស្រាយជាចាំបាច់ ហើយជនកំហូចដែលដឹងរឿងផ្ទៃក្នុងរបស់លោក ម៉ែន ណារ៉ុង ក៏បានឆ្លៀតឱកាសប្រព្រឹត្តអំពើទុច្ចរិតបន្លំឯកសារដើម្បីរំលោភយកដី និងយកដីទៅលក់ឱ្យអ្នកផ្សេងទៀត ដោយពួកគេគិតថា លោក ម៉ែន ណារ៉ុង នឹងមិនទាន់អាចមកសើរើរឿងនេះនោះទេ។ ប្រភពដដែលបានអះអាងថា បើលោក ម៉ែន ណារ៉ុង កុំមានរឿងផ្ទាល់ដូច្នេះ ជនកំហូច ដែលដើមឡើយសុទ្ធតែជាកូនចៅលោក ម៉ែន ណារ៉ុង នឹងមិនអាចប្រព្រឹត្តរឿងដូច្នេះបានទេ បើទោះជាពួកគេមានអ្នកនៅពីក្រោយចាំប្រឹក្សា ចាំរៀបល្បិច និងចាំកាងពីក្រោយយ៉ាងណាក៏ដោយ។

សរុបជារួម បន្ទាប់ពីធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យមើលលើឯកសារផង និងការធ្វើសម្ភាសន៍ភាគីពាក់ព័ន្ធជាច្រើននាក់ផង អង្គភាពសារព័ត៌មាន CEN បានរកឃើញថា លោក ម៉ែន ណារ៉ុង គឺជាជនរងគ្រោះពិតប្រាកដដែលត្រូវបានអតីតកូនចៅរបស់ខ្លួនគប់គិតជាមួយបុគ្គលមានអំណាចប្រើគ្រប់វិធីដើម្បីរំលោភយកដីរបស់លោក ម៉ែន ណារ៉ុងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងយកទៅលក់ឱ្យអ្នកផ្សេង ដែលករណីនេះបានកើតឡើង និងបន្សល់នូវភស្តុតាងជាច្រើន។ មិនតែប៉ុណ្ណោះ ក៏មានអ្នកច្បាប់ដ៏ល្បីឈ្មោះម្នាក់បានជាប់ពាក់ព័ន្ធនឹងការធ្វើឯកសារបន្លំរំលោភយកដីរបស់លោក ម៉ែន ណារ៉ុង រួចជាស្រេចទៅហើយ ខណៈដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីបញ្ជាក់ស្នើឱ្យមន្ទីរដែនដីខេត្តកំពតធ្វើការលុបចោលនូវប័ណ្ណកម្មសិទ្ធិដីធ្លីដែលធ្វើឡើងមិនស្របច្បាប់។
ករណីវិវាទដីជាមួយប្រជាពលរដ្ឋក៏ដូចគ្នា លោក ម៉ែន ណារ៉ុង មានឯកសារបញ្ជាក់គ្រប់គ្រាន់ពីការការទិញ-លក់ ហើយឈ្មោះ តុល ចំរើន ក៏ដូចគ្នាមិនមានឯកសារណាមួយបានបញ្ជាក់ថា ឈ្មោះ តុល ចំរើន មានលុយយកទៅទិញដីពីប្រជាពលរដ្ឋដោយផ្ទាល់ មានត្រឹមតែឯកសារដែលលោក ម៉ែន ណារ៉ុង ឱ្យឈរឈ្មោះសម្របសម្រួលវិវាទក្នុងករណីមួយចំនួនប៉ុណ្ណោះ ហើយកិច្ចព្រមព្រៀងក៏ត្រូវបានបញ្ចប់ទៅទៀត។ សួរថា ដីរបស់គេជាអ្នកចេញលុយទិញដោយស្របច្បាប់ ឈ្មោះ តុល ចំរើន មានសិទ្ធិអ្វីទៅលើដីដែលខ្លួនមិនបានចំណាយលុយទិញសូម្បីមួយដុល្លារនោះ ហើយឈ្មោះនេះនៅតែដើររុកកួន ធ្វើឯកសារបន្លំជាបន្តបន្ទាប់រំលោភយកដីគេដាក់ជាកម្មសិទ្ធិខ្លួន និងយកលក់ឱ្យអ្នកដទៃមិនខ្លាចសំណាញ់ច្បាប់ដូច្នេះបើទោះខ្លួនអាងអ្នកមានអំណាចពីក្រោយក៏គួរណាស់នឹកឃើញដល់គុណបំណាច់ដែលលោក ម៉ែន ណារ៉ុង ធ្លាប់បានផ្តល់ឱកាសឱ្យខ្លួនកន្លងមកនោះដែរ។

ដោយឡែកដីមួយផ្នែកដែលត្រូវបានចុះបញ្ជី និងចេញប្លង់រឹងរួចទៅហើយនោះ នៅពេលនេះនៅជាប់គាំងដោយការប្តឹងរំលាយប័ណ្ណបន្ទាប់ពីផ្នែកជំនាញរកឃើញថា ដំណើរការចុះបញ្ជីមានការក្លែងបន្លំឯកសារ។ តាមរយៈការសម្ភាសន៍ជាមួយប្រជាពលរដ្ឋម្ចាស់ដីដើម ទាំងអស់គ្នាសុទ្ធតែអះអាងថា ពួកគាត់លក់ឱ្យតែឈ្មោះ ម៉ែន ណារុង តែម្នាក់ប៉ុណ្ណោះ ហេតុអ្វីអ្នកផ្សេងមិនបានទិញតពីលោក ម៉ែន ណារ៉ុង សោះបែរទៅជាមានឈ្មោះលើប័ណ្ណកម្មសិទ្ធិទៅវិញ។ មន្ត្រីជំនាញផ្នែកដំណើរការចុះបញ្ជីដីធ្លីម្នាក់បានលើកឡើងថា រឿងនេះប្រាកដជាមានការក្លែងបន្លំឯកសារអ្វីមួយហើយបានជាមិនបានទិញដី និងបង់លុយឱ្យគេគ្រប់ផងបែរជាខ្លួនអាចផ្ទេរឈ្មោះបាន។ សូមបញ្ជាក់ថា អង្គភាពសារព័ត៌មាន CEN នឹងធ្វើការចេញផ្សាយលម្អិតករណីរំលោភយកដីធ្លីលោក ម៉ែន ណារ៉ុង ចំពោះបុគ្គលប្រព្រឹត្តល្មើសម្នាក់ៗដាច់ដោយឡែកពីគ្នា ដើម្បីជាការផ្តល់ព័ត៌មានដល់សាធារណជនឱ្យបានដឹងកាន់តែច្បាស់អំពីដំណើរដើមទងនៃបញ្ហាដែលបានកើតឡើងអស់រយៈពេល១០មកនេះ៕

×