ភ្នំពេញ ៖ បន្ទាប់ពីការសួរចម្លេីយ ពិនិត្យភស្តុតាង និងពិភាក្សាដេញដោល, ចៅក្រមស៊េីបសួរ បានសម្រេច មិនឃុំខ្លួនបណ្ដោះអាសន្ន លេីជនត្រូវចោទ ឈ្មោះ ជា រីតា (ប្រពន្ធដេីម) និងឈ្មោះ អ៉ឹង លីមុំ ជាស្រីស្នេហ៍របស់ប្តី។
ការសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្ន ហេីយជំនួសមកវិញ ដោយការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមផ្លូវតុលាការ គឺដោយហេតុថា ជនត្រូវចោទទាំងពីរ បានទទួលស្គាល់កំហុស ដែលខ្លួនប្រព្រឹត្ត ដោយសារកំហឹងមួយពេល និងស្ម័គ្រចិត្តយល់ព្រមទទួលខុសត្រូវ ចំពោះអំពេី និងការខូចខាតដែលខ្លួនបង្ក ខណៈក៏មានជំងឺប្រចាំកាយ។
ដោយឡែក ជនត្រូវចោទមួយរូបទៀត ឈ្មោះ លាប ចត្រា កំពុងរត់គេចខ្លួន ដែលចៅក្រមស៊េីបសួរ នឹងមានវិធានការបន្ត តាមនីតិវិធីច្បាប់។
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់ទឹកល្អក់ទី៣។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ទាក់ទិននឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស ដែលមានជនត្រូវចោទមានខ្លួនចំនួន ២នាក់ គឺ ១.ឈ្មោះ ជា រីដា ភេទស្រី អាយុ ៣៨ឆ្នាំ និង២.ឈ្មោះ អ៊ុង លីមុំ ភេទស្រី អាយុ ៤៤ឆ្នាំ រួមទាំង ឈ្មោះ លាប ចត្រា ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងគេចខ្លួន ត្រូវបាន ចោទប្រកាន់ពីបទ ហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីនេះ បង្កឡើងដោយជនត្រូវចោទ ឈ្មោះ ជា រីដា, អ៊ុង លីមុំ និង លាប ចត្រា បានវាយទៅលើជនរងគ្រោះឈ្មោះ ចាប ចិន្តា បណ្តាលឱ្យរងរបួស និងធ្វើឱ្យខូចខាតរថយន្តចំនួន ១គ្រឿង។ ហេតុការណ៍នេះ កើតឡើងដោយសារឈ្មោះ ជា រីដា មានកំហឹងជាមួយ ឈ្មោះ ចាប ចិន្តា ដែលមានទំនាក់ទំនងជាមួយប្តីរបស់ខ្លួន។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាង និងការពិភាក្សាដេញដោលចំពោះមុខ ចៅក្រម ស៊ើបសួរសម្រេច មិនឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា រីដា និងឈ្មោះ អ៊ុង លីមុំ ដោយហេតុថា ជនត្រូវចោទទាំងពីររូបនេះ បានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តដោយសារកំហឹងមួយពេល និងស្ម័គ្រចិត្ត យល់ព្រមទទួលខុសត្រូវចំពោះអំពើ និងការខូចខាតដែលខ្លួនបានបង្ក និងជនត្រូវចោទទាំងពីររូបនេះ កំពុងមាន ជម្ងឺប្រចាំកាយ។ ដូចនេះ ចៅក្រមស៊ើបសួរ សម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការ ជំនួសការឃុំខ្លួនបណ្តោះអាសន្ន តាមមាត្រា ២២៦ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះឈ្មោះ លាប ចត្រា ចៅក្រមស៊ើបសួរ នឹងមានវិធានការបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ជនត្រូវចោទទាំង ៣ រូប ត្រូវបានចោទប្រកាន់ពីបទ ហិង្សា និងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ ពី ៤ ទៅ ១០ លានរៀល តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ រក្សាសិទ្ធដោយ៖សុទ្ធលី




