ព្រះសង្ឃថៃ១អង្គ ត្រូវបានចាក់ និងរងរបួសយ៉ាងដំណំ បន្ទាប់ពីព្រះអង្គបានមានជម្លោះជាមួយក្មេងប្រុសជំទង់ម្នាក់ នៅលើរថភ្លើង កាលព្រឹកថ្ងៃពុធ ខណៈព្រះអង្គកំពុងធ្វើដំណើរពី Lop Buri ទៅកាន់ទីក្រុងបាងកក ។
ហេតុការណ៍នៃអំពើហិង្សានេះ បានកើតឡើងនៅស្ថានីយ៍រថភ្លើង នៅចំណុចគីឡូម៉ែត្រលេខ ១១ នៃបណ្តោយផ្លូវ Khamphaeng Phet 6 ក្នុងស្រុក Chatuchak នៃទីក្រុងបាងកក នៅវេលាម៉ោង ៥ ព្រឹក ។
ព្រះសង្ឃនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Ratchawithi ដោយមន្ត្រីប៉ូលីសម្នាក់នៅប៉ុស្តិ៍ Bang Sue បន្ទាប់អ្នករត់ម៉ូតូឌុបបានដឹកលោក ទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីដាក់ពាក្យបណ្តឹង ។
មន្ត្រីប៉ូលីសលោក Uthit Pomsuwan បាននិយាយថា គាត់បានដឹកព្រះសង្ឃរងគ្រោះទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានឃើញឈាមហូរស្រោចព្រះកាយរបស់លោក ។
ព្រះសង្ឃរងគ្រោះបានឲ្យប៉ូលីសដឹងថា ព្រះអង្គបានធ្វើដំណើរពី Lop Buri ដើម្បីបិណ្ឌបាតបច្ច័យ នៅក្នុងទីក្រុងបាងកក និងក៏មានជម្លោះពាក្យសម្តីជាមួយយុវជនម្នាក់ ។ នៅពេលព្រះអង្គនិមន្តចុះពីរថភ្លើងនៅស្ថានីយ៍ ស្រាប់តែយុវជនរូបនោះ ដើរដេញតាម និងចាក់ប្រហារព្រះអង្គតែម្តង និងគេចខ្លួនភ្លាមៗ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនដៃដល់វ័យក្មេងនេះ ដើម្បីមកទទួលទោសទៅតាមផ្លូវច្បាប់ ៕ ចន្ទី