ភ្នំពេញ ៖ រយៈពេល៧ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ បានកើនឡើងប្រមាណ ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយបើតាមការព្យាករណ៍ គឺការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែមានកំណើនខ្ពស់ពេញលេញក្នុងឆ្នាំ២០២១នេះ ទោះបីមានការវាយលុកពីវិបត្តិនៃជំងឺកូវីដ-១៩យ៉ាងណាក្តី។

នេះជាការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ទៅកាន់ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំនៅកម្ពុជា ដែលធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១, ហើយថា លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាក្នុងការជំរុញកិច្ចសហប្រិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើថែមទៀត សម្រាប់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា-អាមេរិក បានចុះហត្ថលេខា កាលពីឆ្នាំ១៩៩៦ ស្ដីពីការជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើន ដែលមកដល់ពេលនេះ កម្ពុជាបាននិងកំពុងប្រឹងប្រែង សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងការសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនៅកម្ពុជា។

ងាកទៅកិច្ចការសំខាន់ៗផ្សេងទៀត លោកឯកអគ្គរដ្ឋទូតអាមេរិក បានសន្យាជួយគាំទ្រកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








