ស្តេចប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីន លោក Many Pacquiao ថ្មីៗនេះ បានប្រកាសលាឈប់ពីវិស័យប្រដាល់ជាផ្លូវការហើយ បន្ទាប់ពីរូបលោកបានចូលប្រឡូកនៅក្នុងអាជីពវាយប្រយុទ្ធនៅលើសង្វៀន អស់រយៈពេល ២៦ ឆ្នាំ។
នៅក្នុងវីដេអូចែករំលែកនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន ដើម្បីថ្លែងអំណរគុណទៅដល់អ្នកគាំទ្រ មិត្តភក្តិ និងមនុស្សជាស្រឡាញ់ អ្នកប្រដាល់វ័យ ៤២ ឆ្នាំ រូបនេះ បាននិយាយយ៉ាងរំជួលចិត្តដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ទៅដល់ពិភពលោកទាំងមូល ជាពិសេសប្រជាជនហ្វីលីពីន ដែលតែងតែបានគាំទ្រខ្ញុំរហូតមក។ លាហើយប្រដាល់! វាពិតជាពិបាកសម្រាប់ខ្ញុំ ក្នុងការទទួលយក ដែលពេលវេលារបស់ខ្ញុំក្នុងនាមជាអ្នកប្រដាល់ គឺត្រូវបានបញ្ចប់ហើយ។ ហេតុនេះ ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ខ្ញុំបានចូលនិវត្តន៍ពីការប្រដាល់ចាប់ពីពេលនេះតទៅ»។
លោកបានអរគុណអ្នកគាំទ្រ ដោយបាននិយាយថា «នៅពេលគ្រួសារខ្ញុំអស់សង្ឃឹម គឺមានតែអ្នកទាំងអស់គ្នាទេ ដែលផ្តល់ក្តីសង្ឃឹមដល់ពួកយើង។ អ្នកទាំងអស់គ្នាបានផ្តល់ឱកាសឱ្យខ្ញុំ ក្នុងការជំនះជាមួយជម្រើសរបស់ខ្ញុំ ឲ្យចាកចេញពីភាពក្រីក្រ… ដោយសារតែអ្នកទាំងអស់គ្នា ខ្ញុំត្រូវបានផ្តល់ភាពក្លាហានក្នុងការផ្លាស់ប្តូរជីវិតបន្ថែមទៀត… ខ្ញុំទើបតែឮស្នូរជួងចុងក្រោយ ប្រដាល់ចប់ហើយ»។
គួរបញ្ជាក់ថា ការលាឈប់ពីវិស័យប្រដាល់របស់ Paquiao គឺត្រូវបានធ្វើឡើងគួរឲ្យសោកស្តាយនៅពេលនេះ គឺបន្ទាប់លោកបានចាញ់ការប្រកួតលើកចុងក្រោយ ក្រោមកណ្តាប់ដៃរបស់ Yordenis Ugas មកពីគុយបា ក្នុងការប្រជែងយកខ្សែក្រវាត់ WBA (super) Welterweight ធ្វើឡើងនៅសង្វៀន T-Mobile Arena សហរដ្ឋអាមេរិកនាព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








