ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ។ ហើយការអនុវត្តច្បាប់ចរាចរណ៍គឺផ្អែកលើច្បាប់ ហើយការផាកពិន័យក៏ផ្អែកលើច្បាប់ដែលបានកំណត់ផងដែរ ការកំណត់តាមច្បាប់ដើម្បីធ្វើការផាកពិន័យខ្ពស់ ដើម្បីឲ្យអ្នកល្មើសរាងចាល ចូលរួមគោរពច្បាប់ ជាពិសេសកាត់បន្ថយការគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់ ។

ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់ស្នងការរងទទួលដឹកនាំតាមបណ្តាអធិការខណ្ឌទាំងអស់ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំដើម្បីធ្វើការតាមដាន ដោះស្រាយបញ្ហា និងចាត់វិធាន ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ គ្រប់អង្គភាពទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ឲ្យបានល្អ ដើម្បីបន្សាបឲ្យបានទាន់ពេលវេលា នៅរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់បង្កឲ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំ និងអង្គភាព ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងអនុវត្តការងារ របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតឯកឧត្តមស្នងការបានមានមតិចូលរួម និងដឹកនាំល្អៗជាច្រើនដល់អង្គប្រជុំ ដូចជាការណែនាំដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យ ឲ្យត្រៀមជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយពន្លត់អគ្គិភ័យ ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា ជាមួយនោះដែរឯកឧត្តមស្នងការ បានសរសើរដល់ការខិតខំរបស់មន្ត្រីនៃការិយាល័យពន្លត់អគ្គិភ័យ ដែលបានប្រឹងប្រែងទាំងយប់ថ្ងៃ ដែលប្រឈមគ្រោះថ្នាក់ក្នុងពេលជួយពន្លត់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





