ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់អង្គភាព អនុវត្តការងារឲ្យបានល្អ ហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារជំនាញចាំបាច់ បើប្រាប់មិនស្តាប់ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វើឲ្យបែកការណ៍ ហើយជនសង្ស័យបានឃើញ និងធ្វើការគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវ និងតាមដានដើម្បីតាមឃាត់ខ្លួនជនសង្ស័យ។
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
សូមជម្រាបថា នាពេលកន្លងមកនេះ មានអ្នកសារព័ត៌មានមួយចំនួនបានថត និងឡាយព័ត៌មាននៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ មិនតែប៉ុណ្ណោះមានអ្នកសារព័ត៌មានខ្លះ បានចូលថតឡាយដល់ក្នុងប៉ុស្តិ៍នគរបាលថែមទៀតផង។

គួរបញ្ជាក់ថា កាលជំនាន់លោកឧត្តមសេនីយ៍ ជួន សុវណ្ណ នៅជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានណែនាំដល់គ្រប់អង្គភាពហាម មិនឲ្យអ្នកសារព័ត៌មានចូលថតឡាយ ឬចូលដល់ខាងក្នុងកន្លែងសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់នោះទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

