បន្ទាយមានជ័យ ៖ ០២នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ពេលរថយន្តកាមរី១គ្រឿង បុ.កជាមួយម៉ូតូ២គ្រឿង នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ២៥៦៣ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ខាងលិចសាលាឃុំគោករមៀត ប្រហែល ៧០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលគោករមៀតបានឲ្យដឹងថា ជនរងគ្រោះដែលស្លា.ប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ប៊ិន ដា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក បើកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខៀវលាយទឹកប្រាក់ គ្មានផ្លាកលេខ ស្លា.ប់នៅកន្លែងកើតហេតុ និងប្រពន្ធរួមដំណើរឈ្មោះ កៃ យ៉ុន អាយុ៥២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកជនរងគ្រោះស្លា.ប់ម្នាក់ទៀតឈ្មោះ ប្រម ថៃ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក បើកបរម៉ូតូម៉ាកវ៉េវ 110 ពណ៌ទឹកប្រាក់លាយខៀវគ្មានផ្លាកលេខ ស្លា.ប់នៅមន្ទីរពេទ្យមង្គលបូរី ។
នៅមុនពេលកើតហេតុម៉ូតូ២គ្រឿងបានធ្វើដំណើរក្នុងទិសដៅពី កើតទៅលិច ខណៈពេលដល់ចំណុចកើតហេតុ ត្រូវបានបានរថយន្តកាមរី១គ្រឿង ពាក់ផ្លាកលេខ សៀមរាប 2A-3202 ពណ៌ប៉ៃតង ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បានរេចង្កូតទៅបុកម៉ូតូទាំង២គ្រឿង ពេញទំហឹងតែម្តង ហើយរថយន្តបានជ្រុលធ្លាក់ចូលក្នុងស្រែ រីឯអ្នកបើកបររត់បានរត់គេចខ្លួនបាត់ ។
នគរបាលបានបញ្ជាក់ថា មូលហេតុ បណ្តាលមកពីអ្នកបើកបររថយន្ត បើកលឿនខ្វះការប្រុងប្រយ័ត្ន ឡើងជែង ។បច្ចុប្បន្ន មធ្យោបាយទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថ្មពួក៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ



