Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ៖ «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ»

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១,១៩៨គ្រួសារ មកពីក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

នៅចំពោះមុខពលរដ្ឋរងគ្រោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ និងចូលរួមសម្តែងនូវការសោកស្តាយ របស់បងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទះសម្បែង និងផលដំណាំជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់ តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកបង្ហាញផងដែរ នូវវីរភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបដែលតែងតែ តម្កល់នូវសេចក្តីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង ហើយតែងគិតគូរខ្វាយខ្វល់ជាប់ជានិច្ច ចំពោះការលំបាករបស់ប្រជាពលរដ្ឋ។
ជាពិសេសទៀតសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីកសាងអភិវឌ្ឍន៍ប្រទេស និងជម្នះការលំបាកទាំងឡាយ កើតមាននៅក្នុងសង្គម ដើម្បីនាំមកនូវការរីកចម្រើនសម្រាប់សង្គមជាតិ និងនាំមកនូវជីវភាព កាន់តែប្រសើរជូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវជំនន់ទឹកភ្លៀងនេះ និងបន្តចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យល្អ រួមជាមួយនឹងវិធានការនានារបស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខ នឹងការរាតត្បាតយ៉ាងខ្លាំង ដោយសារជំងឺដ៏កាចសាហាវមួយនេះ ។
ពិធីចែកអំណោយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ ព្រមទាំងបណ្តាកងកម្លាំងចម្រុះផងដែរ។ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្ត បានថ្លែងនូវអំណគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះ ជាស្បៀងអាហារ នាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×