Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរការរៀបចំមជ្ឈមណ្ឌល ជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដើម្បីបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់

ភ្នំពេញ ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការកំណត់ទីតាំងដើម្បីរៀបចំ និងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល វានឹងបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ពីការផលិតបែបគ្រួសារទៅជាមូលដ្ឋានផលិតកម្ម សម្រាប់បម្រើឱ្យការនាំចេញទាំងក្នុង និងក្រៅប្រទេស។

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំ ស្តីពីដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោកឧកញ៉ា លីណុប ជាប្រធាន លោកស្រីអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា សរុប ២១រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារ ក្នុងការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដែលមជ្ឈមណ្ឌលនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផល និងភូមិសាស្ត្រ។ លើសពីនេះ វានឹងបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ពីការផលិតបែបគ្រួសារទៅជាមូលដ្ឋានផលិតកម្ម សម្រាប់បម្រើឱ្យការនាំចេញទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនជាក្រុមជាងចម្លាក់ប្រាក់-ស្ពាន់ ពិសេសបងប្អូនជាស្រី្ត។

ជាលទ្ធផល កិច្ចប្រជុំក៏បានពិភាក្សា និងឯកភាពលើផែនការការងារបន្ត និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រួមមាន៖ នីតិវិធីដើម្បីចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការចុះបញ្ជីម៉ាកសមូហភាព និងការកំណត់ទីតាំងដើម្បីរៀបចំ និងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×