ភ្នំពេញ ៖ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបទបង្ហាញ ស្តីពីអាមេរិកគួបញ្ឈប់យកប្រភពមេរោគCovid-19 ជាល្បែងនយោបាយ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅស្នាក់ការសមាគម។
ជម្រាបជូនអង្គពិធីដែលអញ្ជើញមកពីអង្គការស្មារតីកីឡា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ ប្រទេសចិន អនុវត្តបានឈានមុខគេ ហើយពិភពលោកទទួលបានអត្ថប្រយោជន៍ជាច្រើន ពីភាពរីកចម្រើនផ្នែកវិទ្យាសាស្រ្តរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោកបន្ថែមថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ នៅវេទិកា China Xiv នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានចេញផ្សាយលទ្ធផលសិក្សាស្រាវជ្រាវ អំពីពេលវេលាចាប់ផ្តើមនៃការរាតត្បាតនៃជំងឺ COVID-19 បានបង្ហាញឱ្យដឹងថា ជំងឺ COVID-19 នៅអាមេរិកប្រហែល បានចាប់ផ្តើមរាតត្បាតនៅអំឡុងខែកញ្ញាឆ្នាំ ២០១៩ ។

ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង អ៊ីតាលី ប្រេស៊ីល និងប្រទេសជាច្រើនទៀត បានរកឃើញតម្រុយរាតត្បាត នៃវីរុសនៅមុនពេលជំងឺ COVID-19 បានផ្ទុះឡើងនៅក្នុងប្រទេសចិន ។
ការសិក្សាស្រាវជ្រាវនេះលើកឡើងថា តាមការវិភាគចំពោះការរួមបញ្ចូលគ្នារវាងគំរូគណិតវិទ្យានិងបច្ចេកវិទ្យាវៃឆ្លាតសិប្បនិមិ្មត យើងអាចរកឃើញពីក្រឹតក្រមនៃការរីករាលដាលនៃជំងឺឆ្លង ។
អ្នកស្រាវជ្រាវបានធ្វើការវិនិច្ឆ័យពីពេលវេលាដើមដំបូង នៃការរីករាលដាលនៅក្នុងរដ្ឋចំនួន ១២ នៅភាគឦសាននៅសហរដ្ឋអាមេរិក ក្រុងវូហាន និងខេត្តចឺជាំង និងកន្លែងផ្សេងទៀត នៅប្រទេសចិន ផ្អែកលើទិន្នន័យដែលបានបោះពុម្ពផ្សាយ ។ លទ្ធផលគណនាបង្ហាញថា ជំងឺ COVID-19 ប្រហែលបានរាតត្បាតនៅអាមេរិកនៅអំឡុងខែកញ្ញាឆ្នាំ ២០១៩ ។ ជំងឺ COVID-19 បានរាតត្បាតនៅប្រទេសចិននៅខែធ្នូ ឆ្នាំ ២០១៩ ។

សេចក្តីសន្និដ្ឋាននេះ សមស្របនឹងលទ្ធផល នៃការស៊ើបអង្កេតខាងវេជ្ជសាស្រ្ត ហើយបង្ហាញថា វិធីគណនាមានភាពត្រឹមត្រូវនិងអាចទុកចិត្តបាន ។
ជារួម សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បន្តប្តេជ្ញាចិត្តរួមកម្លាំងជាមួយនឹងបណ្តាសង្គមស៊ីវិលនានា នៅក្នុងប្រទេសកម្ពុជា និយាយដោយឡែក នៅក្នុងពិភពលោកនិយាយរួម ក្នុងការលើកទឹកចិត្តដល់អង្គការសុខភាពពិភពលោក ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ជាមួយអាមេរិកលើបញ្ហាប្រភពមេរោគនេះ តាមបែបវិទ្យាសាស្រ្ត ហើយស្នើដល់អាមេរិក បង្ហាញនូវតម្លាភាពតាមរយៈការបើកចំហ ការសិក្សាស្រាវជ្រាវនៅមន្ទីរពិសោធន៍ Fort Detrick ដែលអាចជាទីតាំងសង្ស័យ នៃប្រភពមេរោគCovid-19៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ




