ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ បុគ្គលិក-កម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និងក្រុមហ៊ុន Cintri/Everbright មួយចំនួន ត្រូវបានឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត របស់ពួកគាត់នៅតាមបណ្តាខេត្តនានា ជាហេតុធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ មានភាពរអាក់រអួល មិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។
ដូចនេះ ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានី រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្ត យោគយល់ និងអធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃ ឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្ន រហូតដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាននៅរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរតាម ការជូនដំណឹងនេះ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ





