ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាបញ្ជូនកងកម្លាំងទ័ពមួកខៀវ ចំនួន២កង គឺកងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់ សរុបប្រមាណ៣០០នាក់ ក្នុងនោះនារី ២៦នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ ដែលនឹងធ្វើមាតុភូមិនិវត្តន៍វិញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

ក្នុងពិធីជូនដំណើរកម្លាំងមួកខៀវកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឱ្យដឹងថា កម្លាំងកងទ័ពមួកខៀវដែលបញ្ជូនទៅប្តូរវេននេះ គឺមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជា នៅបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅបំពេញបេសកកម្ម គឺមិនបោះបង់ចោលភារកិច្ច ក្នុងការចូលរួមថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវ ក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។
បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ





















