ភ្នំពេញ៖ គ.ជ.ប អំពាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទាំងអស់ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពី ថ្ងៃទី១២ ខែតុលា រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមឃុំ សង្កាត់ និងភូមិមួយចំនួនក្នុងឃុំ សង្កាត់នៅទូទាំងប្រទេស។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យ បានជ្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ អញ្ជើញ ទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬអាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterest.net.gov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voterlist KH ដើម្បីឱ្យ ប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារ សំអាងច្បាស់លាស់។

ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បាន ចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញបងប្អូនទៅ ចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត។
ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យ ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅ ល្អប្រកបដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ ១៥ សូមបងប្អូនប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងមន្តី បោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលចូលរួមក្នុងដំណើរការនេះ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធ ទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និង ធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ




