ជឿថា ប្រិយមិត្តជាច្រើនបានដឹងហើយ ចំពោះករណីដ៏ភ្ញាក់ផ្អើលថ្មីៗនេះ ខណៈដែលនារីម្នាក់ជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូមួយកន្លែង ដែលមានឈ្មោះ «ដឺសេនជូរី» ស្ថិតនៅអូរ២ សង្កាត់៤ ក្រុងព្រះសីហនុ បានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា មានបុគ្គលិកជាង៤០០នាក់ បានឆ្លងកូវីដ ប៉ុន្តែ ម្ចាស់កាស៊ីណូ មិនបានអនុញ្ញាតឲ្យពួកគាត់ជាបុគ្គលិកទៅព្យាបាល និងផ្ទុយទៅវិញ គឺបាននិយាយលួងលោមឲ្យពួកគាត់ធ្វើការ ដោយឲ្យប្រាក់ឈ្នួលច្រើនជាងមុន។
នារីរូបនោះ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា បើអ្នកណាមិនព្រមធ្វើការ គឺត្រូវឃុំទុកដោយអោយថ្នាំលេប ហើយគ្មានគ្រូពេទ្យប្រចាំការ ដើម្បីមើលថែពួកគាត់នោះឡើយ។ ហេតុនេះ នៅពេលនេះ ពួគគាត់ពិតមានការបារម្ភខ្លាំងខណៈមនុស្សជាង៤០០នាក់នៅក្នុងកាស៊ីណូនោះ បានឆ្លងជំងឺកូវីដសឹងតែគ្រប់គ្នា និងព្រមទាំងមានអ្នកស្លាប់ម្នាក់ផងដែរ។
តែភ្លាមៗនោះផងដែរ ក្រោយមានការលើកឡើងចោទប្រកាន់បែបនេះថា ពុំមានគ្រូពេទ្យប្រចាំការនៅមើលថែ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើការបកស្រាយថា អគារកាស៊ីណូ ខាងលើ ដោយសារមានទីតាំងធំទូលាយ គឺត្រូវបានដាក់ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក បន្ទាប់ពីគ្រូពេទ្យបានចុះយកសំណាក រកឃើញបុគ្គលិកជាច្រើននាក់វិជ្ជមានកូវីដ ហើយមានគ្រូពេទ្យនៅប្រចាំការតាមដាន និងមើលថែអ្នកជំងឺនៅទីនោះ យ៉ាងយកចិត្តទុកដាក់។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងផងដែរថា ចំពោះករណីនេះ នារីបុគ្គលិកម្នាក់ឈ្មោះ ហៀន ស្រីនិច អាយុ ២៥ ឆ្នាំ ដែលបានស្លាប់ គឺមិនមែនឆ្លងជំងឺកូវីដទេ ប៉ុន្តែ គ្រូពេទ្យជំនាញបានបញ្ជាក់ថា នាងបានស្លាប់ដោយសារពុលអាហារ ធ្វើឲ្យក្អួត និងបាត់បង់ជាតិទឹកច្រើនពេក។
ទន្ទឹមនិងនេះផងដែរ ស្របពេលដែលករណីនេះបានផ្ទុះឡើង ក៏មាននារីជាបុគ្គលិកម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់វិទ្យុក្នុងស្រុកមួយតាមរយៈទូរស័ព្ទឲ្យដឹងថា ថៅកែកាស៊ីណូ បានបិទខ្ទប់បុគ្គលិក កម្មករ ដែលបម្រើការងារនៅខាងក្នុង ចំនួន៤៣៧នាក់ រយៈពេលជា១ឆ្នាំកន្លះហើយ មិនឲ្យចេញមកក្រៅនោះទេ គឺចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយក្រុមហ៊ុនបន្ថែមប្រាក់ឧបត្ថម្ភឲ្យ ៣០ ភាគរយ ។
តែទោះយ៉ាងណា សម្រាប់ករណីមានការចោទប្រកាន់ថា ម្ចាស់កាស៊ីណូ បង្ខាំង និងបង្ខំបុគ្គលិក ឲ្យធ្វើការនៅក្នុងកាស៊ីណូ ដោយគ្មានការព្រមព្រៀងពីបុគ្គលិក រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឲ្យបានលម្អិតបំផុត ហើយបើករណីរកឃើញថាបានប្រព្រឹត្តបទល្មើសមែននោះ រដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកឡែងឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










