ភ្នំពេញ ៖ “សូមក្រើនរម្លឹកដល់បងប្អូនអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម គោរពច្បាប់ពាក់ព័ន្ធការដឹកជញ្ជូន ព្រោះការរឹតបន្តឹងការអនុវត្ត នឹងនៅតែមានសន្ទុះអនុវត្តខ្លាំងក្លាដដែល ក្រោយពីការដោះលេងយានយន្តចំនួន២២៩គ្រឿង និងតម្រូវឱ្យម្ចាស់យានយន្ត ដែលបានឃាត់ទុក ត្រូវបង់ប្រាក់ផាកពិន័យតាមការកំណត់ជាកំហិត បើមិនដូច្នោះទេ នឹងត្រូវបន្តឃាតទុកជាបន្តទៀត តាមគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី” ប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ០១ តុលា ២០២១ ក្នុងកម្មវិធី សន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់។

ថ្ងៃសុក្រ ទី0១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ក្រីក្រសួងសាធារការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញធ្វើ សន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រងទប់ស្កាត់យានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួល បន្ទុក ក្រុមការងារទទួលបន្ទុកការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងជូនបងប្អូនប្រជាពលរដ្ឋតាមរយៈអ្នកសារព័ត៌មាន អំពីលទ្ធផលនៃការអនុវត្តការងារគ្រប់គ្រងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ រាយការណ៍អំពីបញ្ហាចំពោះមុខចម្បងៗមួយចំនួន ជាពិសេសដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយថែមទៀតទៅដល់ក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាអ្នកបើកបរយានយន្តធុនធ្ងន់ អ្នកដឹកជញ្ជូន ទំនិញលើសកម្រិតកំណត់ដោយច្បាប់ ឱ្យបានដឹងនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ការដឹក ជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ បង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១ ការត្រួតពិនិត្យយានយន្តសរុបសម្រេចចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះ៖ យានយន្តផ្ទុកលើសទម្ងន់មានចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១.៥៨% យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះមានចំនួន៥៧៥.៨៥៦គ្រឿង ស្មើនឹង៣១,៤៦% យានយន្តត្រូវពិន័យមានចំនួន២២៤៧គ្រឿង យានយន្តផ្ទុកលើសទម្ងន់ត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំមានចំនួន២២៩គ្រឿង និងទឹកប្រាក់ពិន័យសរុបមានចំនួន ៣.៨៣៩.០៧១.០០០រៀល។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ដើម្បីស្ដារសេដ្ឋកិច្ច ជាតិឡើងវិញ ជាពិសេសដើម្បីគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរ បន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុក យានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួង សាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បី ប្រកបអាជីវកម្មឡើងវិញ។
ស្របពេលជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ បើយើងដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ផ្លូវរបស់យើងត្រូវបានឆាប់ខូច ឆាប់រិចរិល នាំឱ្យខាតបង់ថវិការជាតិ ក្នុងការជួសជុលថែទាំផ្លូវទាំងនោះ ប៉ុន្តែបើផ្លូវយើងមិនសូវខូច នោះថវិកាសម្រាប់ជួសជុលថែទាំ អាចត្រូវ បានបង្វែរទៅកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀតដូចជា៖ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក បានច្រើនថែមទៀត និងជួយដល់ការងាររបស់ប្រទេសជាតិបានផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីរូបមន្តដែលធ្វើឱ្យផ្លូវឆាប់ខូចរបស់ធនាគារ ពិភពលោកដើម្បីផ្សព្វផ្សាយជាថ្មីម្ដងទៀត ដោយបានបញ្ជាក់ថា៖ ប្រសិនបើមានឡានមួយគ្រឿង ដែល ច្បាប់អនុញ្ញាតឱ្យដឹកចំនួន៤០តោន ប៉ុន្តែបើដឹក៥០តោន លើស១០តោន គេយក១០តោនគុណនឹង១០ ស្មើ១០០ យក១០០ គុណនឹង១០ ស្មើនឹង១០០០ និងយក១០០០ គុណនឹង១០ ស្មើនឹង១០០០ ដូច្នេះ ឡានមួយគ្រឿងដែលដឹកលើស១០តោន ស្មើនឹងឡានមួយម៉ឺនគ្រឿងរត់ឆ្លងកាត់លើផ្លូវនោះ ប៉ុន្តែមាន យានយន្តខ្លះដឹកលើស៣០តោន គេយក៣០គុណនឹង៣០ ស្មើនឹង៩០០ យក៩០០ គុណនឹង៣០ស្មើនឹង ២៧០០ និងយក២៧០០ គុណនឹង៣០ ស្មើនឹង៨១០០០០ដូច្នេះឡានមួយគ្រឿងដឹកលើស៣០តោន ស្មើនឹងឡាន៨១ម៉ឺនគ្រឿងបើកឆ្លងកាត់លើផ្លូវនោះដែលបង្កឱ្យផ្លូវឆាប់ខូច និងរិចរិលមុនអាយុកាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរសុំឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា និងសូមឱ្យក្រុមការងាររបស់ក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តធ្វើការរឹតបន្តឹងច្បាប់ឱ្យបាន ខ្លាំងក្លាបន្ថែមទៀតក្រោយពីការដោះលេងយានយន្តចំនួន២២៩គ្រឿង និងបានជំរុញឱ្យម្ចាស់យានយន្ត ដែលយានយន្តរបស់ខ្លួនត្រូវបានឃាត់ទុកមកបង់ប្រាក់ផាកពិន័យតាមការកំណត់ជាកំហិត បើមិន ដូច្នោះទេ នឹងត្រូវបន្តឃាតទុកជាបន្តទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍកម្មវិធី(App)មួយ ទៀតសម្រាប់ក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលកម្មវិធីនេះ អាចស្កេនផ្លាកលេខឡាន ឬបណ្ណបើកបររបស់អ្នកបើកបរ ដែលអាចឱ្យយើងដឹងថាផ្លាកលេខឡាន ឬអ្នក បើកបរនោះធ្លាប់បានប្រព្រឹត្តបទល្មើសពីមុន នៅកន្លែងណា និងពេលណា ហើយអនុញ្ញាតឱ្យយើងអាចធ្វើ ការផាកពិន័យទៅតាមមាត្រា២៦ និងមាត្រា៦០នៃច្បាប់ផ្លូវថ្នល់ ដែលចែងអំពីការដកហូតបណ្ណបើកបរ បណ្ដោះអាសន្ន ឬក្នុងករណីមិនរាងចាល បានប្រព្រឹត្តអំពើល្មើសជាលើកទីពីរ ត្រូវផាកពិន័យទ្វេរដង ឬ ឈានទៅបិទក្រុមហ៊ុន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី យើងត្រូវតែខិតខំប្រឹងប្រែងរឹតបន្ដឹងច្បាប់នេះឱ្យបានម៉ឺងម៉ាត់ និងបានសង្កត់ធ្ងន់ថា៖ នេះជាលើកទី១និងជាលើកចុងក្រោយ ដែលយើងអនុញ្ញាតឱ្យមានការដោះលែងយានយន្តឃាត់ទុក នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីឱ្យម្ចាស់យានយន្តទាំងនោះអាចយកយានយន្តរបស់ខ្លួនទៅធ្វើ អាជីវកម្មក្នុងការជួយទ្រទ្រង់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។ ដូច្នេះសូមអ្នកបើកបរក៏ដូចជាម្ចាស់យាន យន្តដឹកទំនិញធុនធ្ងន់ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាដើម្បីថែរក្សាផ្លូវថ្នល់របស់យើងឱ្យបានគង់វង្ស។
សូមជម្រាបជូនថា៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាឱ្យដោះលែងរថយន្តដែលបានឃាត់ទុករយៈពេល ១ (មួយ)ឆ្នាំកន្លងមក នៅតាមបណ្តាស្ថានីយថ្លឹងយានយន្តអចល័ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ក្រសួងនឹងអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖
១. ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានឃាត់ទុក ហើយ បានបង់ប្រាក់ពិន័យរួចរាល់ហើយនោះ អាចមកទទួលយានយន្តនៅតាមទីតាំងរក្សាទុកយានយន្ត ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ព្រមទាំងធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើសដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាលើកទី២បន្តទៀត។
២. ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានឃាត់ទុក និងមិនទាន់បង់ប្រាក់ពិន័យត្រឹមត្រូវតាមច្បាប់ ត្រូវចូលខ្លួនមកដោះស្រាយ និងបង់ប្រាក់ពិន័យឱ្យ បានមុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ជាកំហិត ក្នុងករណីផុតរយៈពេលនេះ គណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាមនីតិវិធី និងបទប្បញ្ញត្តិ ច្បាប់ជាធរមាន។

៣. គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងខិតខំធ្វើការផ្សព្វ ផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់ សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ រួមទាំងខិតខំបន្តការរឹតបន្តឹងអនុវត្ត ច្បាប់ដោយមិនយោគយល់ ឬលើកលែងជាលើកទី២ទៀតឡើយ ចំពោះយានយន្តទាំងឡាយណាដែល ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់។
៤. រាល់ការប្រគល់-ទទួលយានយន្ត ម្ចាស់យានយន្ត ត្រូវមកទទួលយានយន្តគិតចាប់ពីថ្ងៃជូន ដំណឹង នេះរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងតែថ្ងៃទី០៥-០៦-០៧ ខែតុលា ឆ្នាំ២០២១ ហើយ ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ឬលិខិតស្នាមពាក់ព័ន្ធនឹងយានយន្តដែលបានឃាត់ទុកនាពេលកន្លង មកនៅតាមទីតាំងរក្សាទុកយានយន្ត ដែលចេញដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








