ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃសុក្របានអះអាងថា ប្រទេសចិនបានបញ្ចូលអាកាសយានិក បើកយន្តហោះចម្បាំងចំនួន២៥គ្រឿងចូលមកក្នុងតំបន់ និងដែនអាកាសដែលបញ្ជាក់ថា ជាកម្មសិទ្ធរបស់តៃវ៉ាន់។ ប៉ុន្តែចិនថានេះជាការហោះបែបលក្ខណៈទ្រង់ទ្រាញធំ ដើម្បីបង្ហាញអំពីទិវាជាតិរបស់ប្រទេសចិនដែលបានបង្កើតគណបក្សសាធារណរដ្ឋប្រជាមានិតចិន។
មន្ត្រីការពារជាតិតៃវ៉ាន់បានលើកឡើងថា កងទ័ពចិនបានបើកយន្តហោះចម្បាំងប្រភេទJ-16ចំនួន១៨គ្រឿង យន្តហោះវាយប្រហារប្រភេទ H-6 ចំនួន២គ្រឿង និងយន្តហោះផ្សេងទៀតទៅកាន់តំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលជាដែនអាកាសមួយលាតសន្ទឹងជាងផ្ទៃកោះ ដើម្បីធ្វើការត្រួតពិនិត្យអំពីសន្តិសុខរបស់ជាតិ។
ជាក់ស្តែង ជាការឆ្លើយទៅនឹងសកម្មភាពចិន ក្រសួងការពារជាតិតៃវ៉ាន់ថា ខ្លួនបានបញ្ចេញយន្តហោះវាយប្រហារទៅត្រួតពិនិត្យយន្តហោះចម្បាំងរបស់ចិនដែលជាប្រភេទមួយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស។
ក្រសួងបានបញ្ចេញផែនទីមួយថា យន្តហោះចម្បាំងរបស់ចិនបានហោះហើរនៅជិតកោះប្រ៉ាតាស ជាមួយយន្តហោះវាយប្រហារចំនួន២ ដោយហោះទៅជិតតំបន់គ្រប់គ្រងរបស់តៃវ៉ាន់មែនទែន។
ប្រទេសចិនបានបញ្ចូនយន្តហោះចម្បាំងទៅកាន់កោះតៃវ៉ាន់ជាទម្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈស្ថានភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំងកំពុងកើនឡើង។
កាលពីសប្តាហ៍មុន ដើម្បីជាការឆ្លើយតបទៅកាន់កិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ក្នុងការចូលរួមជាមួយក្រុមពាណិជ្ជកម្មក្នុងតំបន់ គេសង្កេតឃើញថា ចិនបានបញ្ចូលយន្តហោះចម្បាំងចំនួន២៤គ្រឿងហោះសំដៅមកកោះតៃវ៉ាន់ភ្លាមៗ។
កាលពីឆ្នាំ២០២០ ចិនបានចូលមកលុកលុយដែនអាកាសរបស់តៃវ៉ាន់ចំនួនជាង៣៨០ករណី។ ហើយក្នុងនោះ ប្រទេសចិនបានបង្ហោះយន្តហោះ ដ្រូនទៅកាន់ដែនការពារអាកាសរបស់តៃវ៉ាន់មិនក្រោមជាង៥០០ដងនោះទេ។
បន្ថែមពីនេះ ចិនបានបង្កជាសម្ពាធមកលើតៃវ៉ាន់ ចាប់តាំងប្រធានាធិបតីលោកស្រី សៃ អ៊ិនវេន នៅពេលដែលលោកបានកាន់តំណែង។ ក្នុងនោះលោកស្រីបាននិយាយថា តៃវ៉ាន់ទទួលបានឯករាជ្យពេញលេញហើយកាលពីឆ្នាំបោះឆ្នោត២០១៦កន្លងមក។
កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ ចក្រភពអង់គ្លេសបានបញ្ចូលវានាចម្បាំងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៨។ ប៉ុន្តែ យ៉ាងណាចិនបានលើកឡើងថា ចក្រភពអង់គ្លេសកំពុងបង្ហាញពីភាពតានតឹងប្រភេទបិសាច ដើម្បីបង្កជាបញ្ហាដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ហើយ៕ ប្រភព៖ DW News