ភ្នំពេញ ៖ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន ២ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គឺ រៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងធ្វើឡើងនៅ ខែធ្នូ ឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាន នៅខែមករា ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ។

នេះជាការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការត្រៀមអនុវត្តផែនការយុទ្ធសាស្ត្រទទួលទេសចរសុវត្ថិភាព នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom Meeting, ហើយថា ផែនការយុទ្ធសាស្ត្រនេះ គឺ ប្រកបដោយសុវត្ថិភាព និងបៃតង ដែលស្របទៅនឹងការត្រៀមបើកទទួលភ្ញៀវទេសចរសុវត្ថិភាព (ចាក់វ៉ាក់សាំង) នាពេលឆាប់ៗខាងមុខនេះ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឱ្យមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ចូលរួមបណ្ដុះបណ្ដាល ដល់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍លើវិធានសុវត្ថិភាពផ្សេងៗ ពិសេស គឺដើម្បីឱ្យពួកគេចូលរួមអនុវត្តស្ដង់ដាបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឱ្យបានហ្មត់ចត់ ដើម្បីធានាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













