ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ និង ស្រី្តចំនួន០២នាក់ ពីបទ ” រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទទាំង០៣នាក់ ខាងលើ មានឈ្មោះ ទី ១ -ឈ្មោះ រស់ សុភ័ក្រ ប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង។ ទី២-ឈ្មោះ ពេក សុធា ស្រីអាយុ ១៨ ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង ទី ៣- ឈ្មោះ ស៊ុយ សារឿន ស្រីអាយុ ២៥ ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ពួកគេត្រូវបាន សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ នៅក្នុងចំណុចផ្ទះជួលរបស់ឈ្មោះ រស់ សុភក្រិ នៅក្នុងសង្កាត់កំពង់ឆ្នាំង។
ក្រោយការបង្ក្រាប និង ការឃាត់ខ្លួនពួកគេ សមត្ថកិច្ចនគរបាល រឹបអូសបានវត្ថុតាងរួម៖ ១- ថ្នាំញៀនប្រភេទម៉ាទឹកកក ១០កញ្ចប់ ២-ទូរស័ព្ទ ៣គ្រឿង ៣-សម្ភារៈវេចខ្ចប់ នឹង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




