ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៥ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Sea Preston នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន VISA នៅព្រឹកថ្ងៃ ពុធ ០៥ រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោករដ្ឋមន្ត្រី បានថ្លែងថា ក្រុមហ៊ុនវីសា ដែលបានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងដែលបានចូលរួមសហការជាមួយគ្រឹះស្ថានអង្គរ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក ជាពិសេស តាមរយៈការ វីសា ។ ការចូលរួមនេះ បានជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេសអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីផ្តល់ភាពងាយស្រួលដល់សេវាបង់ប្រាក់ជូនភ្ញៀវទេសចរ ៕ ដោយ៖បញ្ញាស័ក្តិ