ភ្នំពេញ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន SlickBooth និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ (CTM 2018) នាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ដែលពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍នេះ ធ្វើនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាអធិបតីផ្សព្វផ្សាយ CTM 2018 នេះ បានប្រកាសអញ្ជើញក្រុមហ៊ុនក្នុងស្រុក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទេសចរណ៍កម្ពុជា និងសមាគមឧស្សាហកម្មទេសចរណ៍ផ្សេងៗចូលរួមគាំទ្រ និងជួយជំរុញសមាជិករបស់ខ្លួន ឲ្យសហការផ្សព្វផ្សាយ និងដាក់តាំងពិព័រណ៍ផលិតផល សេវារបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CTM 2018 ខាងមុខ ឲ្យបានច្រើន។
លោករដ្ឋមន្ត្រីបន្តថា ក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរជាទីមោទនៈ។ ជាក់ស្ដែង នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥,៦លាននាក់ កើន១១,៨% នាំមកចំណូលដោយផ្ទាល់ ៣.៦៣៨លានដុល្លា។ រយៈពេល២ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១,១លាននាក់ កើន១១ភាគរយ។ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរអន្តរជាតិ ៦,១លាននាក់ នៅឆ្នាំ២០១៨ និង ៧លាននាក់ នៅឆ្នាំ២០២០ ជាមួយនឹងចំណូល ៥ពាន់លានដុល្លារ និងបង្កើតឱកាសការងារ ជិត១លាននាក់។
លោកបានមានប្រសាសន៍ថា ដើម្បីសម្រេចបានកំណើនទេសចរណ៍នេះ ព្រមជាមួយនឹងការពង្រឹងគុណភាព ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត តាមតម្រូវការទីផ្សារ គ្រប់ភាគីត្រូវជំរុញការងារ ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាមួយនឹងសក្តានុពលទេសចរណ៍ និងសម្រស់ធម្មជាតិ នៃទន្លេមេគង្គ ព្រមជាមួយការរីកលូតលាស់នៃវិស័យសំណង់ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ទេសចរណ៍ជាអាទិ៍ សណ្ឋាគារប្រណិតៗដែលមានឈ្មោះលំដាប់អន្តរជាតិដូចជា Hayatt, Court Yard Mariot, Novotel, Rose Wood, STARTS… ដែលបាននិងកំពុងសាងសង់នៅកម្ពុជា។
ព្រមជាមួយនឹងការជំរុញសកម្មភាព ផ្សព្វផ្សាយទេសចរណ៍ លើទីផ្សារអន្តរជាតិ កម្ពុជាបាននិងកំពុង ជំរុញយ៉ាងសកម្ម ចលនាទេសចរណ៍ក្នុងស្រុក ដែលជាចលករមួយ យ៉ាងសំខាន់ ក្នុងការទ្រទ្រង់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងការបង្កើតផលិតផលទេសចរណ៍ ក្នុងស្រុកថ្មីៗ។ កម្ពុជាក៏បានរៀបចំ និងពង្រឹងបញ្ជរព័ត៌មានទេសចរណ៍ ជាមួយនឹងការបង្កើត ឲ្យមានការីទេសចរណ៍ ក្នុងស្រុកជាច្រើន និងគោលនយោបាយលើកទឹកចិត្ត ជាច្រើនទៀត ដល់ការីទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុក ដែលមានតម្លៃសមរម្យ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពិព័រណ៍ CTM លើកនេះ ត្រូវផ្សារភ្ជាប់នឹងពិព័រណ៍ទេសចរណ៍ក្នុងស្រុក។ លោកថោង ខុន បានស្នើឲ្យមន្ទីរទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ ចូលរួមរៀបចំស្តង់ដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ដ៏សំខាន់នេះ ដោយផ្ដោតលើផលិតផលទេសចរណ៍ថ្មីៗ ទាក់ទាញនានា ក្នុងខេត្តរបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវ បានឃើញ សំដៅជំរុញកំណើនទេសចរណ៍ កាន់តែច្រើនទៅទស្សនាខេត្ត របស់ខ្លួន។
គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើង កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោករដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា អភិបាលខេត្តសៀមរាប ស្ថាប័នទេសចរណ៍ជាតិ អ្នកទិញ អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាង ៥០០ក្រុមហ៊ុន មកពី៦០ប្រទេស៕ ដោយ៖បញ្ញាស័ក្តិ