ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក ដាស់តឿនប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរលើដងផ្លូវនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១១ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូរឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតវា នេះគឺដោយសារថា តាមការសង្កេតលើស្ថានភាពចំនួនគ្រោះថ្នាក់ ចរាចរនៅកម្ពុជា ឃើញថាភាគច្រើនតែងតែកើតមាននៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ ដែលឆ្នាំនេះនឹងប្រព្រឹត្តទៅនៅមួយសប្តាហ៍ខាងមុខសំដៅក្រើនរំលឹកពញ្ញាក់អារម្មណ៍ ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ក្នុង ការធ្វើដំណើរលើដងផ្លូវក្នុងឱកាសដ៏រីករាយ ដែលប្រជាពលរដ្ឋខ្មែរត្រូវប្រារឰពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងនោះដែរសម្ដេចក្រឡាហោម បានបញ្ជាក់ថា ការប្រារឰទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១១នៅពេលនេះ គឺជាការក្រើនរំលឹកដាស់តឿន របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវទាំងថ្មើរជើង ទាំងអ្នកបើកបរយានយន្ដ គ្រប់ ប្រភេទត្រូវខិតខំលើកកម្ពស់ការគោរពច្បាប់នានារបស់ប្រទេស ជាពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីរក្សាឲ្យបាននូវ សណ្ដាប់ធ្នាប់តាមដងផ្លូវ និងសេចក្តីសុខក្នុងគ្រួសារកុំឲ្យបែកបាក់ព្រាត់និរាសសមាជិកគ្រួសារយ៉ាង តក់ក្រហល់ និងការខាត បង់ពេលវេលា និងទ្រព្យសម្បត្តិ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយផ្សព្វផ្សាយដល់បងប្អូនមិត្ដភក្ដិឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធ្វើចរាចរណ៍តាមផ្លូវ ជាពិសេសក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថានៅក្នុងរយពេល៣ខែដើមឆ្នាំ២០១៨នេះ មានជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរសរុបចំនួន៤៨០ នាក់ និងរបួសធ្ងន់-ស្រាលចំនួន ១២៣៤នាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ករណីគ្រោះថ្នាក់មានការថយចុះចំនួន គ្រោះថ្នាក់ថយចំនួន១៧០លើក ស្មើ១៧% ស្លាប់ថយ ១២នាក់ស្មើ ២% និងរបួសថយចំនួន២៣៤ នាក់ស្មើ១៦% ។ ក្នុងចំណោមអ្នកស្លាប់ចំនួន ៤៨០នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមាន ចំនួន ៣៦០នាក់ ស្មើ៧៥% (ប្រភេទ ១២៥ សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវតិ្ថភាពមានចំនួន២៦៣នាក់ ស្មើ៧៣%៕ ដោយ ៖ បញ្ញាស័ក្តិ