ខេត្តតាកែវ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៤ទីតាំង និងកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

នាថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៤ទីតាំង អាងស្តុបទឹកចំនួន០៤អាង នៅចំណុចដុបដាដំរីលេងស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៣៧ម៉ែត្រការ៉េ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍បាន និងកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ






