ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិត ក្នុងភូមិសាស្ត្រត្រូវជាប់ពន្ធ លើអចលនទ្រព្យនៃរាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា អគ្គនាយកដ្ឋាន ពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបាន មកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ប្រភេទនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធនេះ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោស ខណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែ មិនទាន់បានមកប្រកាសបង់ពន្ធ ដោយមូលហេតុនៃការរីករាលដាលជំងឺកូវ៉៥-១៩ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារ កាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយ រួចផុតពីពិន័យទោសទណ្ឌ ដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។ ជាមួយគ្នានេះ ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស បង្កភាពងាយស្រួល និងចំណេញពេលវេលា ម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាសនិងបង់ពន្ធ លើអចលនទ្រព្យតាមរយៈកម្មវិធីតាមទូរស័ព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពី Appstore ឬ Playstore ។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការពន្យារការបង់ពន្ធប្រភេទនេះ ម្ចាស់ អចលនទ្រព្យទាំងអស់ នឹងរួសរាន់មកប្រកាសបង់ពន្ធ បានទាន់ពេលវេលា និងបានគ្រប់ៗគ្នា តាមការកំណត់ជាក់ជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ



