ភ្នំពេញ ៖ ផ្ទុះរឿងអាស្រូវពុករលួយរបស់ប្រធានបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ និងជនបទ កាត់លុយ ប្រាក់ខែបុគ្គលិក។ ដោយសារតែ ទ្រាំមិនបានចំពោះអំពើពុករលួយនេះ មានមន្ត្រីបានចូល ទៅខមមិននៅក្នុងផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដោយបានរៀបរាប់អំពីរឿងអាស្រូវរបស់ប្រធានបុគ្គលិក កាត់លុយប្រាក់ខែបុគ្គលិក ៥០ភាគរយ និងបានសំណូមពរសូមឲ្យសម្តេចក្រឡាហោម ជួយរកយុត្តិធម៌។ រឿងនេះបានកើតឡើងលើក្រុមប្រឹក្សាគម្រោង។

គណនីហ្វេសប៊ុកឈ្មោះ Danich Sam បានចូលទៅខមមិននៅក្នុងផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង យ៉ាងដូច្នេះថា “ សម្ដេចជាទីគោរព នាងខ្ញុំមានចម្ងល់ សុំសួរទៅសម្ដេច ជួយពិចារណាតាមការគួរ។ តើនៅតាមក្រសួងធ្វើការរដ្ឋ រាល់ប្រាក់ខែបុគ្គលិកត្រូវកាត់ ៥០% ចំនួន២ខែ នៃចំនួនទឹកប្រាក់ នៃប្រាក់ខែអោយទៅក្រសួងសេដ្ឋកិច្ចដែរមែនឬទេ? ព្រោះរឿងនេះបានកើតឡើងលើបងប្រុសរបស់ខ្ញុំផ្ទាល់ គាត់ធ្វើការនៅក្រសួងអភិវឌ្ឍន៍ និងជនបទ តែប្រធានបុគ្គិកបានទាមទារអោយគាត់វេរប្រាក់ចំនួន ៥០% នៃប្រាក់ខែរបស់គាត់ដោយបានលើកឡើងថា គាត់ត្រូវកាត់ប្រាក់ខែ ៥០% ស្មើនឹងចំនួន ៩០០$ ក្នុងមួយខែ ឲ្យទៅក្រសួងសេដ្ឋកិច្ចចំនួន២ខែ។ បន្ទាប់ចូលខែទី៣ កាត់តែ ៣០០$ ទេ រហូតផុតកុងត្រា។
សូមបញ្ជាក់ៈ ប្រាក់ខែគាត់ ១៨០០$ ក្នុងមួយខែ ពេលស៊ីញ៉េក្នុងកុងត្រា ហើយរាល់ខែធនាគារនៃម្ចាស់ជំនួយបានវេរប្រាក់ចូលកុងគាត់ ១៨០០$ ដែលជាប្រាក់ខែរបស់គាត់ដែលបានយល់ព្រមក្នុងកុងត្រា តែជាអកុសលប្រាក់ខែ ១៨០០$នោះ ត្រូវបានប្រធានបុគ្គលិក តេមកបញ្ជាឲ្យគាត់ដកលុយ ៩០០$ ឲ្យទៅបញ្ជីគណនេយ្យក្រួងសេដ្ឋកិច្ច ដែលវាជាប្រាក់ខែញើសឈាមរបស់គាត់សុទ្ធសាធ បែរជាមានបញ្ហាបែបនេះកើតឡើងមកលើគាត់ ហើយគាត់ថា រឿងនេះបានកើតឡើងលើបុគ្គលិកគ្រប់គ្នានៅក្នុងក្រសួងអភិវឌ្ឍន៍និងជនបទ។
សូមសម្ដេចជួយស្វែងប្រភពផង ថានេះជារឿងពិតឬមួយយ៉ាងណា? វាពិតជាអំពើអយុត្តិធម៌និងអំពើពុករលួយយ៉ាងធ្ងន់ធ្ងរណាស់ ព្រោះរឿងអយុត្តធម៌កើតឡើងមិនឈប់ឈរ ហើយមិនមានការក្រែប្រែអំពើពុករលួយបឺតឈាមពលរដ្ឋក្រោមពួកមន្រ្តីមួយចំនួន”។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ក្រុមការងារហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង យល់ឃើញថា ករណីនេះស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូច្នេះសូមម្ចាស់គណនី Danich Sam គួរបញ្ជូនករណីនេះទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយ ។
ក្រុមការងារហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង សូមជម្រាបជូនថា ក្រុមការងារទទួលពិនិត្យសំណូមពរ របស់ប្រជាពលរដ្ឋតែក្នុងដែន សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ប៉ុណ្ណោះ”។
ចំណែកលោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងជនបទ បានបញ្ជាក់ថា មិនមានករណីដូចជាការចោទ ប្រកាន់ខាងនេះទេ។ លោកបញ្ជាក់ថា “គ្មានទេ គ្មានផង អត់មានកើតឡើងករណីនឹងផង”។
ប្រភពបានបញ្ជាក់ថា “វាជារឿងពិតបានកើតឡើងលើក្រុមប្រឹក្សាគំរោង។ ទោះជាលោកអ៊ុក រ៉ាប៊ុន ប្រកែកថាមិនមាន អ្នកបានកឹបកេងប្រាក់ខែអ្នកទាំងនោះគេដឹងគ្រប់គ្នា។ បើចង់ដឹងច្បាស់ អាចទៅសាកសួរក្រុមប្រឹក្សាគំរោងទាំងនោះបាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



