ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូតមកកម្ពុជា និងបានគាំទ្រយ៉ាងពេញទំហឹងពីបំណងរបស់តួកគី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានចាត់ទុកតួគី ជាដៃគូសហប្រតិបត្តិការដ៏ល្អមួយរបស់កម្ពុជា ទាំងក្នុងវស័យវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្ម។
ក្រៅពីបានជម្រាបជូនពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មសំខាន់ៗ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក លោករដ្ឋមន្ត្រី បានសំណូមពរឱ្យមានការទាក់ទាញបន្ថែមនូវពាណិជ្ជករ និងវិនិយោគិនតួកគី មកបណ្តាក់ទុនថែមទៀត លើវិស័យអាទិភាពរបស់កម្ពុជា ដូចជា៖ កសិកម្ម (គ្រាប់ស្វាយចន្ទី ផ្លែឈើ និងកៅស៊ូ) ទេសចរណ៍ (កម្មន្តសាល និងការហោះហើរត្រង់) និងជាពិសេសពិចារណាបង្កើតរោងចក្រកែច្នៃកសិឧស្សាហកម្ម (Processing) នៅកម្ពុជា ដើម្បីជួយបង្កើតតម្លៃបន្ថែម ការធ្វើពិពិធកម្មការងារ និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសប្បាយរីករាយក្នុងការមកបំពេញការងារនៅកម្ពុជា និងបានកត់សំគាល់ពីវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកស្រី បានសន្យានឹងធ្វើការកៀងគរវិនិយោគិនតួកគី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា តាមរយៈការបង្កើតភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងវិស័យឯកជន ការរឹតចំណងកិច្ចសហប្រតិបត្តិការ និងការ បង្កើតឱ្យមានកិច្ចព្រមព្រៀង ព្រមទាំងអនុស្សរណៈយោគយល់គ្នាផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ក៏បានជម្រាបថា ភាគីតួកគីនឹងពិនិត្យលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលរៀបចំកិច្ចប្រជុំលើកទី២ សម្រាប់គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា និងតួកគី និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋតួកគី នាពេលសម ស្របខាងមុខ៕ ដោយ ៖ បញ្ញាស័ក្តិ