ក្រោមជំនួយរបស់ ទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជា បានរៀបចំកាលពីសប្តាហ៍មុននេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុទាំង ៩ និងមគ្គុទេ្ទសក៍ហិរញ្ញវត្ថុ” ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនវីង ក្រុមហ៊ុនប៊ូសខេភីថល ក្រុមហ៊ុនស៊ីអ៊ិនវេសមិន និងក្រុមសន្សំប្រាក់នារី ដើម្បីផ្តល់ធនធានទាំងនេះ ដល់អង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិនស្ត្រីវ័យក្មេង ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា វីដេអូចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមគ្គុទេសក៏ហិរញ្ញវត្ថុ នេះនឹងផ្តល់ជាមាគ៌ា ដល់សារធារណជនទូទៅ អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងជាពិសេសសហគ្រិនស្រ្តីវ័យក្មេង ឱ្យយល់ដឹងពីដំណើរការពេញលេញ នៃការទទួលបាន និងប្រើប្រាស់សេវាហិញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពវៃឆ្លាត ។
លោកស្រី សាប៊ីន យ៉ៅគ្គឹស ប្រធានអង្គការផេកកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ម បានមានប្រសាសន៍ថា៖“មគ្គុទេសក៏ហិរញ្ញវត្ថុ វីដេអូចំណេះដឹង ហិរញ្ញវត្ថុ និង ផលិតផលហិរញ្ញប្បទានទាំងនេះមានគោលបំណងដោះស្រាយបញ្ហាជាច្រើនជុំវិញការទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីវ័យក្មេង។ វិធីសាស្រ្តដោះស្រាយដោយបង្កើនចំណេះដឹង ការយល់ដឹង ក៏ដូចជាការផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុយ៉ាងពិតប្រាកដអាចជាវិធីសាស្រ្តត្រឹមត្រូវក្នុងការផ្តល់ឱ្យស្ត្រីនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ យើងនឹងធ្វើឱ្យសម្ភារៈទាំងនេះអាចប្រើប្រាស់បានសម្រាប់ដៃគូដែលធ្វើការផ្នែកហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត”។
មគ្គុទ្ទេសក៍ហិរញ្ញវត្ថុ ជាផែនទី ជួយសហគ្រិនស្ត្រីវ័យក្មេង ក្នុងការសម្រេចដ៍មានប្រសិទ្ធភាពមុននឹងធ្វើការសន្និដ្ឋានថា តើពួកគេត្រូវការហិរញ្ញវត្ថុ និងកំណត់ប្រភេទនៃហិរញ្ញវត្ថុសមស្របនឹងលក្ខខណ្ឌរបស់ពួកគាត់រួមមានទំហំអាជីវកម្ម កម្រិតនៃការអភិវឌ្ឍ ទំហំលទ្ធភាពទទួលបានហិរញ្ញប្បទាន ការផ្លាស់ប្តូរបរិយាកាស និងលទ្ធភាពទទួលបានចំណេះដឹង ហិរញ្ញវត្ថុជាដើម។ មគ្គុទ្ទេសក៍ហិរញ្ញវត្ថុនេះក៏បានភ្ជាប់នឹងតំណផ្សេងៗដែលអង្គការផ្សេងទៀតបានផលិតពាក់ព័ន្ធនឹងប្រធានបទនេះ។
វីដេអូចំណេះដឹងហិរញ្ញវត្ថុ៩វគ្គ នឹងលើកកម្ពស់ការយល់ដឹង និងបង្កើនចំណេះដឹងទាក់ទងនឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីវ័យក្មេងដើម្បីពង្រឹងអាជីវកម្មរបស់ពួកគាត់។ អ្នកចូលរួមបានដឹងព័ត៌មានអំពីបញ្ហា លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងជម្រើសហិរញ្ញប្បទានប្រកបដោយសុវត្ថិភាព ដើម្បីអោយសហគ្រិនស្ត្រីវ័យក្មេងពង្រីកអាជីវកម្មរបស់ពួកគាត់។
“ខ្សែវីដេអូទាំង៩ អមជាមួយមគ្គិទេសក៍ហិរញ្ញវត្ថុ ពិតជាមានភាពចាំបាច់ណាស់ ក្នុងការជួយ ដល់ សហគ្រិនកម្ពុជា ពិសេសស្ត្រីអោយមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម និងផ្ទាល់ ខ្លូនផងដែរ ពិសេសក្នុងបរិបទនៃផលប៉ះពាល់នៃជំងឺកូវីដ១៩។ ការរៀបចំហិរញ្ញវត្ថុបានល្អ ក៏នឹង ផ្តល់ ភាពងាយស្រួលដល់ សហគ្រិនក្នុងទទួលបាននូវសេវាហិរញ្ញវត្ថុ នៅពេល ដែលពួក គាត់មានបំណង ចង់ពង្រីកអាជីវកម្ម ដើម្បីឲ្យកាន់តែរីកចម្រើន។ នេះយោងតាមប្រសាសន៍ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង ជាតំណាងសមាគមធនាគារនៅកម្ពុជា៕