Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​បាត់ដំបង សម្រេច​ដកហូត​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​បិទ​មូលដ្ឋាន​អាជីវកម្ម អាហា​រដ្ឋា​ន​០២​កន្លែង នៅ​ក្រុង​បាត់ដំបង ក្រោយ​បើកទទួល​ភ្ញៀវ​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ​ ពាក់ព័ន្ធ​បំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​

​ខេត្តបាត់ដំបង ៖ អាហា​រដ្ឋា​ន​ចំនួន​០២​កន្លែង​ ក្នុង​ក្រុង​បាត់ដំបង​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​ដកហូត​អាជ្ញាប័ណ្ណ​ទេសចរណ៍ និង​បិទ​អាជីវកម្ម ក្រោយ​បាន​បើកទទួល​ភ្ញៀវ​ផឹកស៊ី និង​លួចលាក់​បើក​ដំណើរការ​ខារ៉ាអូខេ​ល្មើស​ផ្ទុយ​ពី​ការណែនាំ ​​បំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​។​

​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ ចុះ​ថ្ងៃទី ​២៨ ខែ កញ្ញា ឆ្នាំ ​២០២១ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី ៣ ​ខែតុលា​នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ពិនិត្យឃើញថា អាហា​រដ្ឋា​ន​ចំនួន ០២ ​ទីតាំង​នេះ បាន​បើកទទួល​ភ្ញៀវ​ចូល​ទទួលទាន​គ្រឿង​ស្រវឹង និង​លួចលាក់ បើក​ដំណើរការ​ខារ៉ាអូខេ​បង្កប់​ក្នុង​ទីតាំង​អាជីវកម្ម ដែល​បំពាន​ទៅនឹង​វិធាន​ការការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាលខេត្ត​។​

ដើម្បី​ពង្រឹង​នូវ​វិធានការ​រដ្ឋបាល និង​ចូលរួម​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ រដ្ឋបាលខេត្ត សូម​ធ្វើ​ការដកហូត​អាជ្ញា​បណ្ណ​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម អាហា​រដ្ឋា​ន គោដុត​ម្លប់​ដូង និង​អាហារ​ដ្ឋា​ន ហង្ស ៩៩៩៩ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​​។ ម្ចាស់​អាហា​រដ្ឋា​ន​ទាំង ២ ទីតាំង ក៏ត្រូវ​ទទួលរង​ការផាកពិន័យ​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន​ផងដែរ​។​

​ការសម្រេច​ដកហូត​អាជ្ញា​បណ្ណ​នេះ បន្ទាប់ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា បានធ្វើ​របាយការណ៍​ដាក់ជូន​អភិបាលខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​ ២០ ខែ កញ្ញា ឆ្នាំ ​២០២១ ពាក់ព័ន្ធ​ការចុះពិនិត្យ​ទីតាំង​ទាំងពីរ​ខាងលើនេះ​។​ ក្នុង​របាយការណ៍​បាន​លើកឡើងថា ក្រុមការងារ​អធិការកិច្ច​មន្ទីរ​ទេស​ចរណ៍​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​នគរបាល​ទេសចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ និង​តូប​លក់​អាហារ​តាម​វិថី​លក់​ម្ហូបអាហារ​ទូទាំង​ក្រុង​បាត់ដំបង​។ ជា​លទ្ធផល​សង្កេតឃើញ​ថា អាហា​រដ្ឋា​ន​ពីរ​ទីតាំង​រួមមាន អាហា​រដ្ឋា​ន ហង្ស ៩៩៩៩ និង គោដុត​ម្លប់​ដូង បាន​បើកទទួល​ភ្ញៀវ​ឱ្យចូល​ទទួលទាន​គ្រឿង​ស្រវឹង និង​លួច​បើក​ដំណើរ​ខារ៉ាអូខេ ដែល​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។

​លោក អ៊ុច អ៊ុ​ភី​នី​ស្សារា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១​នេះ​ថា​ ថ្មីៗ​នេះ​ដោយសារ​ម្ចាស់​អាជីវកម្ម និង​អាហារ​ដ្ឋា​ន​ចំនួន ០២​ទីតាំង​បាន​បើកទទួល​ភ្ញៀវ​ឲ្យ​មាន​ការសេព​គ្រឿង​ស្រវឹង និង​បើក​ដំណើរការ​ខារ៉ាអូខេ​បង្កប់​ក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន បំពាន​ទៅនឹង​វិធានការ​ការការពារ​ទ​ប់​ស្កាត់​បញ្ហា​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត ដែលមាន​មន្ត្រី រួមទាំង​សមត្ថកិច្ច​ជំនាញ​ជា​សេនាធិការ​បានសម្រេច​ចុះ​បិទ​ផ្អាក​ដំណើរ​ធ្វើ​អាជីវកម្ម​ទាំង ០២​កន្លែង​ខាងលើ​ជា​បណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​តទៅ​។​

​ទីតាំង​អាជីវកម្ម​អាហា​រដ្ឋា​ន​ទាំង ០២​កន្លែង​នេះ​មាន​យ៉ី​ហោ គោដុត​ម្លប់​ដូង និង​មួយទៀត​មាន​យ៉ី​ហោ អាហា​រដ្ឋា​ន ហង្ស ៩៩៩៩ ស្ថិតនៅ​ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ហើយ​ដើម្បី​ពង្រឹង​វិធានការ​រដ្ឋបាល និង​ពង្រឹង​ការ ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព មន្ត្រី​អនុវត្ត​ច្បាប់​ថែមទាំង​បាន​ដកហូត​អាជ្ញា​បណ្ណ​ទេសចរណ៍ របស់​ម្ចាស់​អាជីវកម្ម អាហា​រដ្ឋា​ន គោដុត​ម្លប់​ដូង និង​អាហារ​ដ្ឋា​ន ហង្ស ៩៩៩៩​ជា​បណ្តោះអាសន្ន ហើយ​ម្ចាស់​អាហារ​ដ្ឋា​ន​ទាំង ២ ត្រូវ​ទទួលរង​ការផាកពិន័យ​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន​។​

​មន្ត្រី​អធិការកិច្ច នៃ​មន្ទីរ​ទេសចរណ៍ បានបញ្ជាក់​បន្តថា​ ការចុះអនុវត្ត​ច្បាប់​នេះ​ទៀតសោត​ធ្វើឡើង​បន្ទាប់ពី​ក្រសួងទេសចរណ៍​បានប្រកាស​ជូនដំណឹង​ចុងក្រោយ​សារជាថ្មី​ទៀត ស្តីពី​ការបន្ត​បិទ​សកម្មភាព​អាជីវកម្ម KTV ក្លឹប​កម្សាន្ត​នានា និង​ក្លឹប​ហាត់ប្រាណ​ក្នុង និង​ក្រៅ​សណ្ឋាគារ​ទូទាំង​រាជធានី​ខេត្ត ក៏ដូចជា​ការផ្អាក​ជាប​ណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ អាជីវកម្ម ផ្តើម​ដោយ​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​ដែលមាន​ហានិភ័យ​ឆ្លង​ជំងឺ​ខ្ពស់ សំដៅ​ចូលរួម​អនុវត្ត​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​រាល​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×