Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់កាបូបពីរនាក់ អស់ល័ក្ខ ក្រោមដៃស្ត្រីក្លាហានម្នាក់ ជិះម៉ូតូដេញបំបុ.ក

ភ្នំពេញ ៖​ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូដេញចាប់ជនសង្ស័យពីរនាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបដាក់ទូរស័ព្ទដៃរបស់គាត់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០២១ ស្ថិតនៅចំណុចមុខក្រសួងរ៉ែនិងថាមពល ក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ។

យោងតាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះធ្វើដំណើរ តាមផ្លូវចេញពីម្ដុំផ្សារកណ្ដាល ឆ្ពោះទៅម្ដុំផ្សារថ្មីលុះដល់ចំណុច មុខក្រសួងរ៉ែនិងថាមពល ក៏លេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូអាយខុន មួយគ្រឿង ឌុបគ្នាបានធ្វើសកម្មភាពឆក់កាបូបពីរូបគាត់ ហើយពួកគេបានព្យាយាមជិះរត់គេចខ្លួន ពេលនេះរូបគាត់ដែលជាជនរងគ្រោះ បានជិះម៉ូតូដេញតាមជនសង្ស័យទាំង២ នាក់ ខាងលើ ស្រែកផ្អើលឆោឡោរហូតដល់ចំណុចម្តុំនាឡិកាវត្តភ្នំ រូបគាត់ក៏បានជិះម៉ូតូបុកជាមួយនឹងជនសង្ស័យ បណ្ដាលឲ្យដួលម៉ូតូរងបួសរយះជើង និងដៃ ស្របពេលនោះ កម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលកំពុងតែរៀបចំសណ្តាប់ធ្នាប់ នៅទីនោះ បានជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់ខាងលើបានភ្លាមៗ រួចប្រគល់ជនសង្ស័យទាំង២នាក់ ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី២ ដឹកយកទៅធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងតែឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×