ភ្នំពេញ ៖ ព្រឹកព្រលឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សែមសុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដំណើរនិវត្តន៍ មកដល់មាតុភូមិរបស់កងកម្លាំងយោធាមួកខៀវកម្ពុជា បន្ទាប់ពីបានបញ្ចប់បេសកកម្ម ដោយជោគជ័យ រយៈពេលមួយឆ្នាំ នៅតំបន់បេសកកម្ម MINUSMA នៅសាធារណរដ្ឋម៉ាលី។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ការបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះទាំង២៩៨នាក់ ទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ១៩ បើទោះបីជាកងទ័ពរបស់យើង បានធ្វើតេស្តនៅប្រទេសដែលកំពុងបេសកកម្មរកមិនឃើញមានវិជ្ជមានជំងឺកូវីដ១៩ ក៏ដោយ ដែលចំណុចទាំងនេះ គឺជាយកចិត្តទុកដាក់យ៉ាងធំធេងពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំ។ ដូច្នេះ សូមកងទ័ពដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យដែលកំពុងតែប្រចាំការនៅកន្លែងធ្វើចត្តាឡីស័ក នៅទៅនោះជាដើម។

ក្នុងពិធីទទួលកងទ័ពមួកខៀវកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានសហការយ៉ាងល្អប្រសើរ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីយកសំណាកពីកម្លាំងទ័ពមួកខៀវ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាម រួចបញ្ជូនទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល២១ថ្ងៃ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់មកធ្វើតេស្តរកជំងឺគ្រុនចាញ់ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ បន្ថែមពីទៀត ដើម្បីធានាឱ្យបានថាគ្មានកងទ័ពមួយខៀវណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ ក្រោយបញ្ចប់បេសកកម្ម ដើម្បីមាតុភូមិ។
នាយឧត្តមសេនីយ៍ បានជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស បានធ្វើតេស្ត និងកំពុងធ្វើចត្តាឡីស័ក ជួបប្រទះតែសុខភាពល្អ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ










