មនុស្ស ២៣ នាក់ ក្នុងនោះជាភ្ញៀវទេសចរជនជាតិចិន ១៦ នាក់ បានរងរបួសស្រាល នៅពេលរថយន្តក្រុង១គ្រឿង បានបុកជាមួយរថយន្តតូច១គ្រឿងទៀត ស្ថិតនៅក្បែរតំបន់រមណីយដ្ឋាន Genting Highlands នៅយប់ថ្ងៃទី៦ មេសា ។
លោក Yusri Abdullah Sani ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះ Genting Highlands បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧ និង ២០ នាទីយប់ ខណៈរថយន្តទាំងពីរបើកចុះពីកាស៊ីណូ និងរមណីយដ្ឋានដ៏ពេញនិយមមួយ ។
«ហ្វ្រាំងរថយន្តក្រុងបានមានបញ្ហា និងបណ្តាលឲ្យវាបុកទៅរថយន្តតូចនៅខាងមុខទាំងកម្រោលតែម្តង មុនពេលរេទៅផ្ទប់នឹងរបាំងទ្រូងផ្លូវ» ។
លោក Yusri មានប្រសាសន៍ថា «ទោះយ៉ាងណា យើងនៅតែកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ» ។
ស្ត្រី១៤នាក់ និងទេសចរជនជាតិប្រុស២នាក់ ដែលជាមគ្គុទេសក៍ទេសចរណ៍ និងអ្នកបើកបរ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Selayang ។ ចំណែកអ្នកបើកបររថយន្តតូច និងអ្នកដំណើរស្រី៤នាក់របស់គាត់ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Selayang ផងដែរ ៕ ចន្ទី