Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរលើកទឹកចិត្តដល់អ្នកធ្វើដំណើរឲ្យប្រើមធ្យោបាយ ធ្វើដំណើរឯកជនចៀសវាង ការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីអំពាវនាវស្តីពី ការលើកទឹកចិត្តដល់អ្នកធ្វើដំណើរឲ្យប្រើមធ្យោបាយ ធ្វើដំណើរឯកជនចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ឲ្យបានជ្រាបថា កន្លងមក រាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក៣ថ្ងៃ សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌ តាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។

ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពិសេសមេរោគប្រភេទដែលតា (Delta)ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ឲ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩។

ក្នុងករណីចៀសមិនផុត ពីការប្រើមធ្យោបាយធ្វើដំណើររួមគ្នានោះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរអំឡុងពេលឈប់សម្រាកនេះ ត្រូវអនុវត្តឲ្យ បានម៉ឺងម៉ាត់ដាច់ខាតតាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ ចេញចូលរាជធានីភ្នំពេញ នឹងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ខ្លួន ហើយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×