ភ្នំពេញ ៖ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពី កាលបរិច្ឆេទបញ្ជូនព័ត៌មានគណនីជនជាតិអាមេរិកដែលត្រូវរាយការណ៍ (US . Reportable Accounts) សម្រាប់ឆ្នាំ២០១៧ របស់ធនាគារសហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជូនដំណឹងដល់ធនាគារ សហគ្រាស ធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុដែលស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍អនុលោមតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងដើម្បីអនុវត្តច្បាប់ស្តីពីអនុលោមភាពពន្ធ ចំពោះគណនីក្រៅប្រទេសរបស់អាមេរិក ត្រូវបញ្ជូនព័ត៌មានគណនីជនជាតិអាមេរិក (FATCA) ឲ្យបានជ្រាបថា ដើម្បីបញ្ជូនព័ត៌មានគណនីជនជាតិអាមេរិក ដែលត្រូវរាយការណ៍សម្រាប់ឆ្នាំ២០១៧ ទៅអាជ្ញាធរចំណូលក្នុងស្រុកសហរដ្ឋអាមេរិក ឲ្យបានទាន់ពេលវេលា ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបញ្ជូនព័ត៌មាននេះជូនអគ្គនាយកពន្ធដារ ឲ្យបានមុនថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ជាកំហិត។ ក្នុងករណីហួសកាលកំណត់នេះ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុដែលស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍អនុលោមតាមកិច្ចព្រមព្រៀង (FATCA) ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការពិន័យនានាអនុលោមតាមកិច្ចព្រមព្រៀងនេះ៕ ដោយ៖បញ្ញាស័ក្តិ