រដ្ឋធានីវ៉ាស៊ីនតោន ៖ ពលរដ្ឋអាមេរិកាំង រាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នា ដើរពាសពេញរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក គាំទ្រឲ្យមានច្បាប់រំលូតកូន ហើយការធ្វើបាតុកម្មនេះ បានកើតឡើង ចំពេលរដ្ឋតិចសាស់ បានកំណត់ច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងការរំលូនកូន។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ថា ក្រុមបាតុករ ភាគច្រើនជាស្រ្ដី បានប្រឆាំងនឹងច្បាប់ថ្មី នៅក្នុងរដ្ឋតិចសាស់ ដែលបានដាក់គំហិតយ៉ាងធ្ងន់ធ្ងរ ពីលទ្ធភាព នៃការរំលូតកូន។ ក្រុមអ្នកគាំទ្រជម្រើសឲ្យមានច្បាប់រំលោភកូន នៅទូទាំងសហរដ្ឋអាមេរិក មានការភ័យខ្លាចថា សិទ្ធិរបស់ប្រជាពលរដ្ឋ ដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក អាចនឹងដើរថយក្រោយ។
នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ តុលាការកំពូល គ្រោងនឹងបើកសវនាការ លើសំណុំរឿងមួយ អាចលុបចោល Roe V. Wade ដែលជាសេចក្តីសម្រេច នៅឆ្នាំ១៩៧៣ អនុញ្ញាតឱ្យមានការរំលូតកូន ដោយស្របច្បាប់ នៅទូទាំងសហរដ្ឋអាមេរិក។ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមបាតុករបាននាំគ្នា ដង្ហែក្បួនទៅកាន់អគារតុលាការកំពូល ដោយកាន់ស្លាកសញ្ញា ដូចជា ពាក្យ «សូមឱ្យការរំលូតកូន ក្លាយជាលក្ខណៈស្របច្បាប់»។
អ្នកស្រី Robin Horn បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា «ជាការភ័ព្វសំណាងល្អខ្ញុំមិនដែលប្រឈមមុខនឹងជម្រើសបែបនេះ ខណៈមានស្ត្រីជាច្រើន ធ្លាប់មានករណីរំលូតកូន ហើយរដ្ឋាភិបាលរបស់យើង និងបុរស មិននិយាយ ពីលទ្ធផល នៅពេលនិយាយ អំពីរាងកាយរបស់យើង»។
ទោះជាយ៉ាងណា អ្នកនយោបាយ នៅក្នុងរដ្ឋនានា ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ កំពុងតែគិតពិចារណា អំពីការរឹតបន្ដឹង ពីលក្ខណៈស្រដៀងគ្នានេះ។ ដោយឡែក ក្រុមសិទ្ធិមនុស្ស បានស្នើសុំដល់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ត្រូវរារាំងនឹងច្បាប់ នៅក្នុងរដ្ឋតិចសាស់។ ប៉ុន្ដែចៅក្រមបានអនុម័ត៥ទល់នឹង៤ ប្រឆាំងនឹងការអនុញ្ញាតច្បាប់នេះ។ នៅថ្ងៃទី១ ខែធ្នូ តុលាការ គ្រោងនឹងបើកសវនាការជំនុំជម្រះ ចំពោះការហាមឃាត់ការរំលូតកូនរបស់រដ្ឋ Mississipp ។
សាលក្រមនេះ អាចពឹងផ្អែកលើសេចក្តីសម្រេច Roe v Wade របស់តុលាការ ក្នុងឆ្នាំ១៩៧៣ ដែលការពារសិទ្ធិស្ត្រី ក្នុងការរំលូតកូន រហូតដល់លទ្ធភាពជោគជ័យ-ជាចំណុចដែលទារកអាចរស់នៅក្រៅស្បូនបាន ជាទូទៅ នៅដើមត្រីមាសទី៣ គឺមានរយៈពេល២៨សប្តាហ៍ នៃការមានផ្ទៃពោះ៕ រក្សាសិទ្ធិដោយ ៖សារាយ SN