ខេត្តបាត់ដំបង ៖ យុវជនសង្ស័យម្នាក់ ក្នុងចំណោម០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសង្កែ ចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេ បានប្រើអំពើហិ.ង្សា ដោយព្រួតគ្នាវា.យតប់ ទៅលើស្រ្តីរងគ្រោះម្នាក់ ដោយរឿងជម្លោះពាក្យសម្ដី បណ្តាលឲ្យជនរងគ្រោះ ត្រូវរងរបួសធ្ងន់-បែកក្បាល , ចំខ្នង និង ចង្កេះ ។

អំពីហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រុម០៣ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង។
មន្ដ្រីនគរបាលស្រុកសង្កែ បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះ មាន ឈ្មោះ ជៀន សុខី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកឯ បក្ខពួកចំនួន ០៣នាក់ផ្សេងទៀតបានរត់គេចខ្លួន។
រីឯ ជនរងគ្រោះ មានឈ្មោះ ណា សុខថៃ ភេទស្រី អាយុ ៣៨ឆ្នាំ មានរស់នៅ ក្នុងកន្លែងកើតហេតុខាងលើ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅពេលកើតហេតុ ក្រុមជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូបុកពាងទឹករបស់ជនរងគ្រោះ នៅខាងមុខផ្ទះរបស់ជនរងគ្រោះ។
នៅពេលនោះ, ជនរងគ្រោះបានស្តីឲ្យ, ពួកគេខឹង ក៏បានព្រួតគ្នាវា.យ វា.យទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល ០១កន្លែង របួសចំលើខ្នង និង ត្រង់ចង្កះ ១កន្លែងទៀត។

សមត្ថកិច្ចនគរបាលបានបន្ថែមថា បន្ទាប់ពីពួកគេ បានវា.យដុំជនរងគ្រោះ, ពួកគេ ក៏បានព្យាយាមគេចខ្លួន ដោយជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ។ ភ្លាមៗនោះ, កងកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានអន្តរាគមន៍ និង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ។ ចំណែកឯ ជនសង្ស័យ០៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ននេះ, ជនសង្ស័យឈ្មោះ ជៀន សុខី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅឯអធិដ្ឋាននគរបាលស្រុកសង្កែ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

