ខេត្តសៀមរាប ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ដែលជាថ្ងៃភ្ជុំបិណ្ឌនោះ មានភ្ញៀវទេសចរចំនួនជាង ១២.០០០ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ជាលក្ខណៈគ្រួសារ រួមមាន៖ ទៅទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ២.៨០០ នាក់ និង ទៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ចំនួនប្រមាណ ២.២០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ចំនួន ៩៦ នាក់ ។ នេះបើតាមការផ្សាយព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប។

របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងរយៈពេល២ថ្ងៃ នៃថ្ងៃភ្ជុំបិណ្ឌ គឺថ្ងៃទី៥ និង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរចំនួនជាង ១៩.០០០ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប រួមមាន៖ ទៅទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១២.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣.៧០០ នាក់ និង ទៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ ចំនួនប្រមាណ ៣.៣០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ចំនួន ១៨២ នាក់ ខណៈភ្ញៀវទេសចរជនជាតិខ្មែរមានប្រមាណ ២០ភាគរយ គឺអញ្ជើញមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។
ដោយឡែក បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះដែរ មានភ្ញៀវទេសចរ បានទិញបណ្ណចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ ចំនួន ៩៦សន្លឹក កើនឡើងជាង ១៨២ ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៤.១៤៧ដុល្លារអាមេរិក កើនឡើងជាង១៧៧ភាគរយ បើប្រៀបធៀបទៅនឹងថ្ងៃខែដូចគ្នានឹងឆ្នាំ២០២០ ៕ រក្សាសិទ្ធិដោយ ៖ កូលាប




