តាកែវ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានកាសម្របសម្រួលនីតិវិធីពីលោក ទេព ម៉ានិន ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ត្រក អែមសត្យា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ឈ្មោះ ឈីម ស្រីពៅ ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងបានរួមមាន ៖ ម្ស៉ៅក្រាមសថ្លាចំនួន ១៨កញ្ចប់ (ធំ៣) ទំងន់ ២៥,០១ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង (ខូច) ទូរស័ព្ទចំនួន ៥គ្រឿង ប្រាក់រៀលចំនួន ១២៥.០០០រៀល និងសម្ភារៈវេចខ្ចប់ សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ៕ ដោយ៖បញ្ញាស័ក្តិ