ខេត្តស្ទឹងត្រែ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានប្រកាសខ្លាំងៗឲ្យកងទ័ពទាំងអស់ក្រោកឈរត្រៀមបង្ក្រាបបដិវត្តន៍ពណ៌ និងទប់ស្កាត់សកម្មភាពនានា ដែលចង់មករារាំងការអនុច្បាប់ចំពោះជនក្បត់ជាតិ និងបក្សក្បត់ជាតិ ដោយមិនខ្លាចគំនាបបរទេសបន្ដិចណាឡើយ។
ក្នុងពិធីប្រកាសបង្កើតជាផ្លូវការ នៃការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានខ្លាំងៗយ៉ាងដូច្នេះថា ការដាក់ទណ្ឌរបស់បរទេសឲ្យយើងធ្វើនេះធ្វើនោះហួសសម័យហើយ យើងដឹងខ្លួនមានបទសោធន៍យូរណាស់ហើយ បានឆ្លងកាត់យូរណាស់ហើយ ដូច្នេះមានតែម្យ៉ាងគត់ គឺគ្រប់ទិសទី គ្រប់កន្លែងទាំងអស់ឲ្យតែមានចលនាតវ៉ាអី ត្រូវដាក់ម៉ាំងៗ ដែលចលនាមួយទាមទារឲ្យដោះលែង កឹម សុខា មិនបាច់ទៅសុំយោបល់ថ្នាក់លើអីទេ គឺឲ្យច្បាស់ចឹងតែម្ដងព្រោះបានបញ្ជារួចអស់ហើយ។
សម្ដេច ទៀ បាញ់ បានអះអាងនៅចំពោះមេទ័ពកំពូលៗ និងកងទ័ពរាប់ពាន់នាក់ ក្នុងពិធីប្រកាសបង្កើតកងពលតូច អន្ដរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែងថា មិនបានខ្លាចគំនាបបរទេសបន្ដិចណាសោះ សូម្បីតែប៉ុនសរសៃសក់ ព្រោះថា សម្ដេចគ្មានលុយទុកនៅបរទេស ហើយក៏មិនចង់ទៅរកស៊ីនៅបរទេស ហើយក៏មិនចង់ទៅរស់នៅបរទេសដូចគ្នា ត្រឹមតែរស់នៅកម្ពុជាដែលមានសុខ សន្ដិភាព ស្ថេរភាពនយោបាយដូចសព្វថ្ងៃនេះ គឺគ្រប់គ្រាន់ហើយ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ការប្រកាសដាក់គំនាបរបស់បរទេសនាពេលនេះ គឺមិនធ្ងន់ធ្ងរ ដូចកាលពីទសវត្សរ៍ឆ្នាំ៨០នោះទេ ដែលកាលនោះបរទេសបានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់ព្រោះការពាររបបប្រល័យពូជសាសន៍ប៉ុលពត ប៉ុន្ដែស្ថានភាពកម្ពុជាបច្ចុប្បន្នមិនដូចពេលនោះឡើយ។
សម្ដេច ទៀ បាញ់ បានគូសបញ្ជាក់ថា ជនក្បត់ជាតិត្រូវតែមានទោស ហើយគ្មានអ្នកណាមួយដែលមកតវ៉ាឲ្យដោះលែងបានជាដាច់ខាត ហើយមួយករណីទៀត នៅពេលគណបក្សសង្គ្រោះជាតិ ត្រូវរលាយតាមការកាត់ក្ដីពីតុលាកំពូល ស្រាប់តែមានការហៅគ្នាមកតវ៉ាអ្វីនោះ មិនត្រូវបានអនុញ្ញាតជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ពេលណាក៏ដោយ ព្រោះបក្សនេះជាប្រព័ន្ធក្បត់។
ជាមួយគ្នានេះ សម្ដេចពិន័យសេនា ទៀ បាញ់ បានអះអាងថា បច្ចុប្បន្ននេះភ័ស្ដុតាងដើម្បីដាក់បន្ទុកលោក កឹម សុខា កាន់តែមានខ្លាំងហើយ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី តាមរយៈវីដេអូឃ្លីប បានហៅកងកម្លាំងប្រដាប់អាវុធឲ្យងើបឈរ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះ សម្ដេច ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់មេបញ្ជាការ និងមេបញ្ជាការរង និងកងទ័ពទាំងអស់ ដែលចេញញ្ញតិ្ដថ្កោលទោស ចំពោះការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ហើយប្រមុខការពាររូបនេះ ក៏បានប្រកាសព្រមគ្នាថា កងទ័ពគ្មានពេលទៅស្ដាប់លោក សម រង្ស៊ី អំពាវនាវនោះទេ៕ ដោយ៖ជាលី