ខេត្តមណ្ឌលគិរី ៖ ដើមជ័ររាប់ពានដើម កំពុងត្រូវបានក្រុមឈ្មួលកាប់ផ្ដួលរំលំយ៉ាងអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី។
បញ្ហានេះ ត្រូវបានពលរដ្ឋប្រជាសហគមន៍មូលដ្ឋាននេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះពាល់ដល់របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងខ្លាំងដែលពឹងផ្អែកការកអនុផលព្រៃឈើ។
ជនជាតិព្នងម្នាក់រស់នៅ ភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក បានឲ្យដឹង បច្ចុប្បន្ន ក្រុមឈ្នួញកំពុងតែវេចលុយរាប់ម៉ឺនដុល្លារចូលព្រៃ ដើម្បីបំផុសអោយពលរដ្ឋចូលកាប់ឈើ នៅចំណុចព្រៃរបស់សហគមន៍រយ៉ និងដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងស្រុកកោះញែក ព្រមទាំងក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្រុក លំផាត់ ខេត្តរតនគិរី។ ពលរដ្ឋបន្តថា មានឈ្មួញ ១០នាក់ធំៗ កំពុងប្រមូលទិញឈើពីក្នុងព្រៃទាំងនោះ ដឹកចូលក្រុមហ៊ុនចំការដូងប្រេង ដែលមានទីតាំងនៅភូមិ ដីឡូ ឃុំ ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ ក្រុមប្រជាពលរដ្ឋ បានបន្តទៀតថា បច្ចុប្បន្នឈើត្រូវបានគេកាប់ផ្តួលរំលំយ៉ាងរង្គាល ទាំងឈើប្រណិត ព្រមទាំងដើមជ័រទឹក ដោយដើមជ័រទឹករាប់ម៉ឺនដើមត្រូវបានគេកាប់រំលំនៅក្នុងព្រៃរបស់សហគមន៍ភូមិរយ៉ ព្រមទាំងមានក្រុមឈ្មួញមួយចំនួន កំពុងដើរបំផុសពលរដ្ឋអោយកាប់ដើមជ័រ លក់អោយខ្លួន ដោយសន្យាទិញក្នុងតម្លៃថ្លៃ។ បច្ចប្បន្នពលរដ្ឋមួយក្រុមពលរដ្ឋទាំងនោះ ត្រូវបានចាញ់បោកឈ្មួញទាំងនោះមិនបានទទួលលុយមួយកាក់មួយសេននោះទេ ពីការលក់ដើមជ័រទាំងនោះ ។ ហើយក្រុមឈ្មួញទាំងនោះបានកាប់ដើមេជ័ររបស់ពួកគាត់ហើយដឹកទៅបាត់ ដោយមិនមានការទូរទាត់លុយអោយគាត់នោះទេ ហើយដើមជ័រមួយចំនួនធំទៀត ត្រូវបានគេកាប់រំលំចោលនៅក្នុងព្រៃ។
ប្រភពព័ត៌មានអោយដឹងទៀតថា នៅក្នុងបរិវេណដីក្រុមហ៊ុនដីសប្បទាន ឈ្មោះដូនពេញ ឬក្រុមហ៊ុនចំការដូងប្រេង ដែលទីតាំងភូមិ ដីឡូ ឃុំ ជ័យឧត្តម ស្រុកលំផាត់ មានគំនឈើរាប់ពាន់ម៉ែត្រគូប ដែលក្រុមឈ្មួញដឹកមកទំលាក់ត្រៀមដឹកបន្តឆ្លង់ដែនទៅក្រៅប្រទេសតាមច្រកអន្តជាតិអូរយ៉ាដាវ ខេត្តរតនគិរី ។ ប្រភពទំលាយអោយដឹងទៀតថា បច្ចុប្បន្នគេបែងចែកមេឈ្មួញឈើធំៗទាំងនេះជាច្រើនក្រុម បង្កើតអោយមានទីផ្សារសេរី ក្នុងក្រុមហ៊ុនមួយនេះ ក្រោមការគ្រប់គ្រង់រួមរបស់មេឈ្មួញធំ ២នាក់ទៀតដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនិងមន្ត្រីធំៗក្នុងខេត្តរតនគិរី។ ហើយឈើរាប់រយម៉ែតគូបត្រូវបានគេដឹកតាមរថយន្តធំៗ ចេញទៅប្រទេសវៀតណាម តាមច្រកអន្តជាតិអូរយ៉ាដាវយ៉ាងរលូន ដោយពុំមានសមត្ថកិច្ចឬមន្ត្រីជំនាញប្រចាំការនៅតាមច្រកនោះទេហាមឃាត់ទេ។
អភិបាលស្រុកលំផាត់ លោក នូ ថេ បានអោយដឹងថា ក្រុមហ៊ុនខាងលើបានឈូសឆាយ និងធ្វើការដាំដុះអស់ហើយ ពាក់ព័ន្ធបទល្មើព្រៃឈើខាងលើ។ លោកបន្តថា ម្ចាស់ក្រុមមិនបានរាយការណ៍មកអាជ្ញាធរស្រុកនោះទេ។
បញ្ហានេះ ប្រធានបរិស្ថានស្រុកលំផាត់ ក៏បានឲ្យដឹងថា ពុំមានបទល្មើសព្រៃឈើកើតឡើងក្នុងដែនដែលលោកគ្រប់គ្រងនោះទេ ចំណែកព័ត៌មានជុំវិញការស្តុកឈើក្នុងក្រុមហ៊ុនដូងប្រេងខាងលើ លោកមិនបានដឹងច្បាស់នោះទេព្រោះជាសមត្ថកិច្ចរបស់មន្ទីរកសិកម្ម និងខ័ណ្ឌរដ្ឋបាលព្រៃឈើ។
នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត ពេលអ្នកសារព័ត៌មានសុំការសំភាសន៍ លោកមិនបានឆ្លើយឆ្លង់ជាមួយទេ ដោយគ្រាន់តែលោកបញ្ជាក់ថាកំពុងនៅប្រទេសវៀតណាម៕ ដោយ៖ សមុទ្រឈើ