ខេត្តកោះកុង៖ បើតាមមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថា បុណ្យភ្ជុំបិណ្ឌ ០៣ថ្ងៃ នៅឆ្នាំ២០២១នេះ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការថយចុះប្រមាណ ៥៧% ដោយទទួលបានភ្ញៀវប្រមាណ ១១.២៤៨នាក់ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំកន្លងទៅ។ ចំណែកឯ ភ្ញៀវតាមសហគមន៍ទេសចរណ៍វិញ មានត្រឹមតែ ១.៨០៩នាក់ ដែលជាតួលេខថយចុះជាងឆ្នាំកន្លងទៅ។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង បានលើកឡើងថា ភ្ញៀវទេសចរប្រមាណ៥០% ថយចុះក្នុងការមកស្នាក់នៅនិងលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍ នានាទូទាំងខេត្ត ព្រោះតែបញ្ហាវិបត្តិកូវីដ-១៩ ជាពិសេសកូវីដបំប្លែងថ្មីដែលតា នៅតំបន់មួយចំនួនពុំទាន់ថមថយ។
លោក សុខ ចន្ទគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ថា ទោះបីជាមានការថយចុះដោយសារវិបិត្តិកូវីដ១៩ លោកនៅតែបន្តជំរុញ និងលើកទឹកចិត្ត ដល់ម្ចាស់អាជីវកម្ម សេវាកម្ម តាមរមណីយដ្ឋាន អាហារដ្ឋាន នានាទូទាំងខេត្ត សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរ និងអាជ្ញាធរខេត្ត លើវិធានអានាម័យតាមគេហដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ ឲ្យមានភាពស្អាតល្អ ដើម្បីសុខមាលភាពទាំងអស់គ្នា។
ការជួបវិបត្តិកូវីដ-១៩ បំប្លែងថ្មីដែលតា ដែលកំពុងស្ថិតក្នុងក្តីបារម្ភ ហើយពលរដ្ឋមួយចំនួនធំក៏ពុំហ៊ានចេញដំណើរឆ្ងាយពីផ្ទះ គ្រាដែលគេសង្កេតឃើញនៅតាមទីតាំងវត្តអារាមនានា ត្រូវបានអាជ្ញាធរមូលដ្ឋានរឹតបន្តឹងលើវិធានការសុវត្ថិភាព សុខាភិបាល ដល់ពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ ដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងលេងកម្សាន្តក្នុងទីវត្តអារាម ដោយការអនុវត្តវិធានការនេះ ធ្វើឡើងតាមការដាក់ចេញពីប្រមុខថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ដោយតម្រូវមិនឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ០៣ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀតពីមេរោគបំប្លែងថ្មីនេះ។
គួរបញ្ជាក់ថា ទាក់ទិននឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ០៣ថ្ងៃនេះ ក្រុមការងារ តាមដានកិច្ចការទេសចរ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង អះអាងពីមូលហេតុថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ យ៉ាងគំហុក នេះ បណ្តាលមកពី ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ២០២១៕