ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ហិរញ្ញប្បទាន ៣០លានដុល្លារ ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ខណៈពេលមានការកើនឡើងនៃការឆ្លងថ្មី និងករណីក្នុងសហគមន៍នៃជំងឺកូវីដ១៩។ នេះបើយោង ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារ ADB នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ជំនួយនេះ រួមមានប្រាក់កម្ចី ២៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែម សម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS)។ ADB ក៏នឹងផ្តល់ជំនួយឥតសំណងចំនួន ៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់ នៅមន្ទីរពេទ្យខេត្តចំនួន១៤។ វារួមបញ្ចូលទាំងការផ្ដល់ថវិកា សម្រាប់ឧបករណ៍ថ្មី ដូចជា រថយន្តសង្គ្រោះបន្ទាន់ បំពុងផលិតអុកស៊ីសែន និងឧបករណ៍ព្យាបាល ដោយប្រើអុកស៊ីសែន ព្រមទាំង ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ក្នុងការថែទាំព្យាបាលជំងឺកូវីដ១៩។
លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានមានប្រសាសន៍ថា “ជំងឺរាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចកម្ពុជា និងគំរាមកំហែងកិច្ចខិតខំ ប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។ គម្រោងនេះ នឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីការពារ កំណត់មុខសញ្ញានិងឆ្លើយតបទៅនឹងកូវីដ១៩ ក៏ដូចជាការគំរាមកំហែងសុខភាព សាធារណៈផ្សេងៗ ដែលកំពុងកើតមានកាត់បន្ថយផលប៉ះពាល់ លើសុខភាពនិងសង្គម និង រួមចំណែក ដោយប្រយោលក្នុងការកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះ នឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ និង គាំទ្រដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយអំពើហិង្សាយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត។
គម្រោងនេះ អនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០១៩-២០២៣ សម្រាប់ប្រទេសកម្ពុជា ដែលផ្ដល់អាទិភាពដល់ការពង្រឹងធនធានមនុស្ស។ វានឹងរួម ចំណែកដល់គោលដៅរួម របស់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើង នូវការឆ្លើយតបរបស់ប្រទេសទាំងនោះ ទៅនឹងការគំរាមកំហែង សុខភាពសាធារណៈធ្ងន់ធ្ងរ៕